កីឡាករ លឹមតិចហ៊ុយ ទទួលបានឱកាសខ្ពស់ជាប់ជាកីឡាករជម្រើសជាតិកង់គក់ក្រោយឈ្នះជើងឯកថ្នាកជាតិ
កីឡាករទោចក្រយានវ័យ២២ឆ្នាំមកពីក្លិបកង់រិទ្ធិសែន ខេត្ត កំពង់ឆ្នាំ លឹម តិចហ៊ុយ ដណ្តើមបានចំណាត់លេខ១ លើប្រភេទកង់គក់ លើវិញ្ញាសា១០៥គីឡូម៉ែត្រ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១។ នឹងទទួលបានឱកាសខ្ពស់ជាប់ជាកីឡាករជម្រើសជាតិឆ្នាំ២០២២ ហ្វឹកហាត់ត្រៀមចូលរួមប្រជែងមេដាយជូនកម្ពុជា នាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងអំឡុង ខែ ឧសភា ឆ្នាំ២០២២ខាងមុខ។
នេះជាជ័យលាភីចំណាត់ថ្នាក់លេខ១លើកដំបូងរបស់ លឹម តិចហ៊ុយយ សម្រាប់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ដែលរៀបចំដោយ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បន្ទាប់ពីខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពអស់រយៈពេល២ឆ្នាំ។
លឹម តិចហ៊ុយ អះអាងថា ជ័យជំនះនេះ វាបានកើតចេញពីការតាំងចិត្តហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ដើម្បីចាប់បានឱកាសក្លាយជាកីឡាទោចក្រយានជម្រើសជាតិប្រកួតតំណាងប្រទេសកម្ពុជាទាំងស៊ីហ្គេមនៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
កីឡាករកង់គក់មកពីខេត្ត កំពង់ឆ្នាំងរូបនេះ រំពឹងខ្ពស់ថា តាមរយៈលទ្ធផល សហព័ន្ធនឹងជ្រើសរើសចូលជាជ្រើសជាតិឆ្នាំ២០២២ ហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពប្រកួតដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិក្នុងនោះមានស៊ីហ្គេមផងដែរ។
គួររំលឹកថា កីឡាករ លឹម តិចហ៊ុយ ធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិម្តងតែធ្វើមិនបានល្អឡើយ គឺប្រជែងបានចំណាត់លេខ៨ ប៉ុន្តែឆ្នាំ២០២២នេះ ប្រជែងបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាកង់គក់១០៥គីឡូម៉ែត្រ ។
សូមបញ្ជាក់ថា លឹម តិចហ៊ុយ មានស្រុកកំនើត នៅខេត្តកំពង់ឆ្នាំង និងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ៕