មន្រ្តីបច្ចេកទេសសហព័ន្ធកីឡាវាយកូនបាល់២០រូប ទទួលបានការបណ្តុះបណ្តាលវគ្គមន្រ្តីបច្ចេកទេសរៀបចំការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកាពីក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាលវគ្គមន្រ្តីបច្ចេកទេសរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួត ដែលសហព័ន្ធរៀបចំឡើងនេះ មានគោលបំណងពង្រឹងជំនាញដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធឲ្យយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារៈក្នុងនាមជាមន្រ្តីបច្ចេកទេសដែលទទួលខុសត្រូវក្នុងការរៀបចំការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ ពិសេស គឺឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។
អគ្គលេខាធិការរងរូបនេះបន្ថែមទៀតថា ក្រោយបញ្ចប់វគ្គបណ្តុះរយៈពេល៤ថ្ងៃ សិក្ខាកាមនឹងទទួលបានវិញ្ញាប័នបត្របញ្ជាក់ពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ហើយក៏បន្តទៅអនុវត្តដោយផ្ទាល់នៅក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២១ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២២ដល់២៥ ខែ មករា ឆ្នាំ២០២២ផងដែរ។
លោក អះអាងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់និងយល់ដឹងកាន់តែច្បាស់អំពីតួនាទីជាមន្រ្តីបច្ចេកទេសរៀបចំការប្រកួត ដើម្បីឲ្យការរៀបចំការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិដែលរៀបចំដោយមន្រ្តីបច្ចេកទេសកម្ពុជាមានកម្រិតស្តង់ដាអន្តរជាតិ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតបានដំណើររយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមចំនួន២០រូបមកពីរាជធានីភ្នំពេញ បាត់ដំបង សៀមរាប។ ហើយវគ្គបណ្តុះបណ្តាលនេះ បង្ហាត់ដោយគ្រូឧទ្ទេស លោក ប្រាយអេន អានីរ៉ូស គ្រូធំជម្រើសជាតិ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា៕អត្ថបទ៖ជាវ ចន្ធូ