សហព័ន្ធបាល់ឱបនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដើម្បីចំរាញ់រកកីឡាករឆ្នើមជ្រើសរើសជាជម្រើសជាតិ
សហព័ន្ធកីឡាបាល់ឱបកម្ពុជាបាននឹងរៀបចំការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។
លោក ពេជ្រ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ឱបកម្ពុជាបានបញ្ជាក់ នៅក្នុងលិខិតជូនដំណឹងដល់ក្លឹប សមាគម បណ្តាអង្គការ ដែលជាសមាជិកសហព័ន្ធថា នេះជាការប្រកួតប្រចាំឆ្នាំ ដើម្បីសម្រិតសម្រាំងម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០២១ ក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ មានក្រុមចូលរួមសរុបចំនួន១០ក្រុម ក្នុងនោះមានក្រុមឈុតធំ៥ក្រុម, ឈុតនារី២ក្រុម និងឈុតយុវជនចំនួន៣ក្រុម។
ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត ប្រចាំឆ្នាំនីមួយៗ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីប្រកបដោយគុណភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការត្រៀមលក្ខណៈឱ្យបានរឹងមាំ ក្នុងគោលដៅឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈប្រភេទកីឡាបាល់ឱបកម្ពុជាក៏ត្រៀមលក្ខណៈនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដូចគ្នាផងដែរ។
គួរបញ្ជាក់ថា សម្រាប់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជូនសម្រាប់សហព័ន្ធកីឡាជាតិនានា ប្រចាំឆ្នាំនីមួយៗត្រូវបានបែងចែកជាគោលការណ៍សម្រាប់ការងារដ្ឋបាល២០ភាគរយ វគ្គបណ្តុះបណ្តាលធនធាន ៣៥ភាគរយ និងការប្រកួតជើងឯកថ្នាក់ជាតិ ៤៥ភាគរយ៕