ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក លើកឡើងថា បើ E-Sports មិនឡើង នៅស៊ីហ្គេមវៀតណាមនោះ ស៊ីហ្គេមឆ្នាំ២០២៣ស្ថិតនៅក្នុងការពិចារណាដាក់ឬអត់

Detail Top Banner

ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports)ថ្លែងនៅក្នុងសន្និសិទស្តីពីការត្រៀមខ្លួនឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងត្រៀមខ្លួនស៊ីហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២០ ខែ មករា ឆ្នាំ២០២២ថា ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សហព័ន្ធនឹងប្រជុំពិចារណាជាមួយគ្នា ថាតើ គួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?»។


ប្រធានសហព័ន្ធ បញ្ជាក់ទៀតថា ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ យើងមិនចង់និយាយថា តើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិចកើនឡើងពីចន្លោះស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ថ្នាក់ដឹកនាំនឹងពិចារណាជាមួយគ្នា ថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។


ឯកឧត្ បន្ថែមថា អ្វីដែលសំខាន់ក្នុងគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេសគឺកីឡាករត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈប្រកួតដណ្តើមមេដាយយកមកជូនជាតិដូចគ្នា។ ដូច្នេះសហព័ន្ធ និងកីឡាករ ត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ។ «វាដូចជាគោមួយនឹម ឬទូកមួយ អាចទៅមុខបាន អាស្រ័យដោយមានការប្រឹងប្រែង ឬអ្នកអុំទូកត្រូវរួមកម្លាំងសាមគ្គីគ្នា។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តជូនដល់កីឡាករទាំងអស់ថា គប្បីត្រូវប្រឹងប្រែងឲ្យខ្លាំងក្លា ពីព្រោះម្ចាស់មេដាយដែលដណ្តើមពីការប្រកួតពិភពលោក ឬស៊ីហ្គេម នឹងទទួលបានការលើកទឹកចិត្តពិសេសពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ការខិតខំអស់ពីសមត្ថភាព គឺជាមោទនភាពរបស់យើងទាំងអស់គ្នា។


គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយចំនួន៕

You might also like