អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់ អះអាងថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បរិមាណក្លិបថយចុះ តែកីឡាករ កីឡាការិនីមានសិទ្ធផលខ្ពស់

Detail Top Banner

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់កជ្រើសរើសជើងឯកថ្នាក់ ឆ្នាំ២០២១នេះ មាន៨ក្លិបចូលរួមប៉ុណ្ណោះ ថយជាងឆ្នាំកន្លងទៅ ដោយសាតែវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យបណ្តាក្លិបខ្លះអវត្តមានការបញ្ជូនកីឡាករ កីឡាការិនីចូលរួម ។

អគ្គលេខាធិការរងរូបនេះ បានគូបញ្ជាក់ថា ទោះបីក្លិបថយចុះ ប៉ុន្តែកីឡាករ កីឡាការិនីសិទ្ធផលល្អជាងបណ្តាឆ្នាំមុនៗ ព្រោះការប្រកួតប្រជែងមានលក្ខណៈសិ្វតស្វាញ និងបច្ចេកទេសកម្រិតខ្ពស់ បង្ហាញពីការបោះជំហានអភិវឌ្ឍរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេស ។

លោក បន្ថែមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះ រៀបចំដោយសហព័ន្ធ ក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំយុវជន និងកីឡា រយៈពេល៤ថ្ងៃ ក្នុងគោលបំណងស្វែងរកកីឡាករ កីឡាការិនីឆ្នើមតាមបណ្តាក្លិបដែលមានសមត្ថភាពចូលជាជម្រើសជាតិ ឆ្នាំ២០២២ ហ្វឹកហាត់បំប៉ន ត្រៀម ស៊ីហ្គេម នៅវៀតណាម ។

លោក ជា ពៅ បន្ថែមទៀតថា ឆ្លងកាត់ការប្រកួតរយៈពេល៣នេះ សង្កេតឃើញថា កីឡាករចាស់ៗកម្រិតបច្ចេកទេសនៅដដែល ។ ដោយឡែកកីឡាករវ័យក្មេង មកពីបណ្តាក្លិបភាគច្រើនសមត្ថភាពរីកចំរើនខ្លាំង ទាំងសមត្ថភាព និងបច្ចេកទេស ។សូមបញ្ជាក់ថា ការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ មាន៨ក្លិបចូលរួម មានកីឡាករ កីឡាការិនីសរុប៥៧នាក់ ធ្វើការប្រកួតលើ៤វិញ្ញាសា មាន៨៣ប្រកួត ៕

You might also like