ឯកឧត្តម អ៊ូ រតនា ៖ ស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាវ៉ូវីណាម នឹងដណ្ដើមមេដាយមាសអោយបាន ៩គ្រឿងជូនកម្ពុជា
ភ្នំពេញ៖ នៅក្នុងពិធីបិទការប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តជាថ្មី ក្នុងការជំរុញផែនការដណ្ដើមមេដាយមាស ៩គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ូ រតនា បញ្ជាក់ថា សហព័ន្ធកំពុងតែខិតខំអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី គ្រប់ឈុតសម្រាប់ត្រៀម ស៊ីហ្គេម ទាំងជម្រើសជាតិថ្នាល រហូតដល់ក្រុមធំ និងតាមបណ្ដាសមាគម/ក្លិបគ្រប់រាជធានី-ខេត្ត ដើម្បី ត្រៀមលក្ខណៈចូលរួមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមពាក្យស្លោក «កម្ពុជឆ្ពោះទៅ រកដណ្ដើមមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងប្រជាជនម្នាក់ លេងកីឡាមួយយ៉ាងតិចប្រចាំជីវិត» ។
ឯកឧត្តមប្រធានសហព័ន្ធ បានធ្វើការតាំងចិត្ត និងប្ដេជ្ញាចិត្តថា «ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបប្រទេសកម្ពុជា បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ដ្រ ។ ដូច្នេះមន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវី ណាមកម្ពុជា បានរួមគ្នាប្ដេជ្ញានឹងស្វែងរកមេដាយមាសជូនជាតិឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា» ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរង់ចាំ និងការឧបត្ថម្ភគាំទ្រនូវគ្រូបង្វឹកកម្រិតខ្ពស់ មកពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក សម្រាប់ជួយពង្រឹងការងារហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅនាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បានកោតសរសើរ និងចាត់ទុកកីឡាវ៉ូវីណាម គឺជាកីឡាដ៏មានសក្ដានុពលមួយ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីសហព័ន្ធរៀបចំបានល្អ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ពិសេសការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម ។ ត្រង់ចំណុចនេះ ឯកឧត្តមសង្ឃឹមថា កីឡាវ៉ូវីណាម នឹងក្លាយជាកីឡាដ៏មានប្រជាប្រិយភាពរបស់ប្រទេសកម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និងក្រសួង ចំពោះលទ្ធផលបច្ចេកទេសរួមមាន៖ ក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦, ប្រាក់ ១ និងសំរឹទ្ធ៣) ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) និងខេត្តសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២) ៕