ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទផ្តល់អនុសាសន៍មួយចំនួន សម្រាប់អនុវត្តឆ្នាំ២០២២ និងឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

Detail Top Banner

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC, ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១ និងទិសដៅ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដូចខាងក្រោម៖
១-ត្រូវដកពិសោធន៍បញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២១ ធ្វើជាកាលានុវត្តភាព នៃការកែលម្អចំណុចខ្វះខាត រួមជាមួយការពង្រឹងការដឹកនាំ គ្រប់គ្រង អនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមផែនការ ដែលបានដាក់ចេញ សម្រាប់ឆ្នាំ២០២២នេះ ឲ្យមានប្រសិទ្ធភាព។


២- ត្រូវពង្រឹងកិច្ចការបុគ្គលិក របៀបរបបការងារឲ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ស៊ីចង្វាក់ ប្រទាក់ក្រឡា តាមលិខិតបទដ្ឋានគតិយុត្តិ ដែលមានក្នុងនោះ ការកសាងយោធិនកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់បន្ដវេន ការងារអនាគត គឺជាគន្លឹះដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្ដភាពការងារវិស័យកីឡា សម្រាប់ត្រៀមចូលរួមប្រកួតដណ្ដើមពានរង្វាន់ ទាំងក្នុង និងក្រៅប្រទេស។
៣-បន្ដយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំ លិខិតបទដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ ឲ្យបានទាន់ពេលវេលា ក្នុងនោះត្រូវកំណត់ឲ្យបានច្បាស់ការងារទាំងអស់ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ធ្វើការបណ្ដុះបណ្ដាលហ្វឹកហ្វឺន កីឡាករ-កីឡាការិនី គ្រូបង្វឹក ដើម្បីបង្កើនសមត្ថភាព គុណភាព គុណផលកីឡា និងប្រសិទ្ធភាពការងារ ព្រោះថាធនធានមនុស្ស គឺជាធាតុដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍវិស័យកីឡា ក្នុងកីឡាកងយោធពលខេមរភូមិន្ទ។ ដូចនេះ ត្រូវរៀបចំកម្មវិធីអភិវឌ្ឍសមត្ថភាពដល់នាយទាហានជំនាញ កីឡាករ-កីឡាការិនី ជាមួយនិងចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ដែលពាក់ព័ន្ធវិស័យកីឡា។


៤- ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តគោលនយោបាយឲ្យជាប់ជាប្រចាំ តាមរយៈការលើកកម្ពស់ ការសរសើរ ជូនរង្វាន់ លើកទឹកចិត្ត និងដោះស្រាយទុក្ខលំបាកកីឡាករ-កីឡាការិនី ឲ្យបានទាន់ពេលវេលា។
៥- លើកកម្ពស់សមត្ថភាព នាយទាហានកីឡាករ-កីឡាការិនី គ្រូបង្វឹក ឲ្យមានជំហរជាម្ចាស់ផ្ទះ ក្នុងការប្រើប្រាស់ គ្រប់គ្រង និងថែទាំសម្ភារ ឧបករណ៍ និងមធ្យោបាយកីឡា កុំឲ្យខូចខាត បាត់បង់ រក្សាគុណភាពឲ្យបានល្អ ត្រូវចាត់ទុកសម្ភារនេះជាទ្រព្យសម្បត្តិរបស់ជាតិ និងប្រជាជនយើង។


៦-បន្ដយកចិត្តទុកដាក់ ពិនិត្យថែទាំសុខភាពកីឡាករ-កីឡាការិនី គ្រូបង្វឹក លើកកម្ពស់គុណភាពរបបអាហារ ថែទាំសុខភាព តាមនិយាមវេជ្ជសាស្ដ្រកីឡា ឲ្យសមស្រមតាមតម្រូវការកីឡា មានអនាម័យ ផាសុកភាព និងត្រូវបន្ដគោរពវិធានសុខាភិបាលឲ្យបានជាប្រចាំ ដើម្បីបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមវិធានការអភិបាលកិច្ចល្អ និងវិធានការ ៣កុំ ៣ការពារ។


៧-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងមិត្ត សប្បុរសជាតិ-អន្ដរជាតិ ដើម្បីលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈកីឡា តាមរយៈការហ្វឹកហាត់ក្នុងប្រទេស ឲ្យកាន់តែសកម្មថែមទៀត និងបន្ដបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស តាមរយៈពេលខ្លី មធ្យម តាមរយៈរាជរដ្ឋាភិបាល សហព័ន្ធកីឡា និងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិ។ ត្រូវពិនិត្យសម្បទាប្រភេទកីឡា ដែលមានអាទិភាពសម្រាប់ជ្រើសរើសចូលរួមប្រកួតក្នុងប្រទេស និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីសម្រេចភារកិច្ចនេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ត្រូវសិក្សា និងវាយតម្លៃឲ្យបានច្បាស់លាស់នូវ ទី១-ប្រភេទកីឡា និងវិញ្ញាសា។ ទី២-សកម្មភាពទីលានហ្វឹកហាត់ ទី៣-គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕

You might also like