ថ្ងៃ៧មករាគឺជាថ្ងៃសច្ច:ធម៌ប្រវត្តិសាស្រ្តដែលអាចបំភ្លៃបាន និងមិនមានអ្វីនៅលើលោកប្រៀបផ្ទឹមបានឡើយ
ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ដែលរៀបចំនៅទឹកដីអង្គរខេត្តសៀមរាប និងពិធីសម្ភោធដាក់ឲ្យដំណើរក្លិបកីឡាវាយសីខេត្តសៀមរាប បានបញ្ចប់ដោ យ ជោគជ័យប្រកបដោយសាមគ្គីភាព។
តាមការបញ្ជាក់ពីឯកឧត្តម ធិន សៅ ប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះ មានក្លិបនិងសមាគមន៍កីឡាវាយសីចូលរួមចំនួន១៨ធ្វើការប្រកួតលើ៧វិញ្ញា សាសរុបកីឡាករកីឡាការិនី១៦៨នាក់ក្នុងនោះកីឡាការិនី១៤នាក់។ ឯកឧត្តម បញ្ជាក់ថា ការប្រកួតដំណើររយៈពេល២ថ្ងៃ គឺសាលាខេត្តសៀមរាប សហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំឡើង ដើម្បីអបអរសាទរដល់ទិវាជ័យជំនះ៧មករា ថ្ងៃជោគជ័យរបស់កម្ពុជាមិនអាចបំភ្លេចបាន។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប ពិតជាមានមោទនភាពខ្លាំងណាស់ដែលបានសហការរៀបចំជាមួយសហព័ន្ធកីឡាវាយសី ដើម្បីអបអរសាទរ ទិវាជ័យជំនះ៧មករា ថ្ងៃប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្ត បានគូបញ្ជាក់ថា កម្ពុជាពីមុនគ្មានអ្នកណាស្គាល់កម្ពុជាទេ ប៉ុន្តែបច្ចុប្បន្ននេះ គេស្គាល់ ហើយគេថែមលើកសសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រោះសម្តេចបានដឹកនាំប្រទេសអភិវឌ្ឍរីកចំរើន និង បង្កលក្ខណៈឲ្យប្រជាជនរស់នៅដោយមានក្តីសុខក្រោមម្លាប់នៃសន្តិភាព។ ព្រោះតែសន្តិភាពនេះហើយ ទើបបានបង្កលក្ខណៈឲ្យកីឡាករកីឡាការិនីគ្រូបង្វឹក និងគណៈប្រតិភូតាមបណ្តាក្លិបនានា បានមកជួបជុំគ្នាប្រកួតសប្បាយរីករាយក្នុងទឹកដីអង្គរខេត្តសៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លៃបាន មិនមានវត្ថុអ្វីនៅលើលោក មកប្រៀបផ្ទឹមបានឡើយ ។មូលហេតុដែលយើងតែងតែប្រារព្ធការប្រកួតមិនដែលខកខាននេះ គឺក្នុងន័យអបអរតសាទរជ័យជំនះ ៧មករា ដ៍ត្រចះត្រចង់ ដើម្បីរំលឹកអំពីការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ ក្តីនារាសព្រាត់ប្រាស់សាច់ញាតិ ប្តី ប្រព័ន្ធកូន ក្នុងរបបយង់ឃ្នង ខ្មៅងងឹត៣ឆ្នាំ៨ខែ និង២០ថ្ងៃ ធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់បាត់បង់ជីវិត និងរស់នៅយ៉ាងលំបាកវេទនាជាទីបំផុត រកអ្វីមកប្រៀមផ្ទឹមពុំបាន ហើយសូមរំលឹកនឹកគុណគ្មានថ្ងៃបំភ្លេចដល់គុណការៈរបស់វិរៈកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិត ពលីក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិន្ទ រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧មករា ឆ្នាំ១៩៧៩ ធ្វើឲ្យប្រជាជនមានជីវិតរស់នៅវិញ កសាងជីវភាពថ្មីក្នុងក្តីសង្ឈឹម នៃសុភមង្គមក្រោមម្លប់សន្តិភាព និងការអភិវឌ្ឃ។ ដោយគុណការៈដ៏ធំធេង មិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ៧មករានេះហើយ ទើបសហព័ន្ធកីឡាវាយសីកម្ពុជា តែងតែរៀបចំការប្រកួតកីឡាវាយសីជារៀងរាល់ឆ្នាំ ដើម្បីទុកជានិម្មិតរូបនៃការគោរពដឹងគុណជារៀងរហូត។
ក្រៅពីការអបអរសាទរទិវាជ័យជំនះ៧មករា សហព័ន្ធកីឡាវាយសីកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងពង្រីក នូវចំណងសាមគ្គីភាព រវាងក្លិបសម្ព័ន្ធកីឡាវាយសី ជាមួយសហព័ន្ធ ពីកន្លែងមួយទៅកន្លែងមួយ ឬពីខេត្តមួយទៅខេត្តមួយទៀត ឲ្យកាន់តែមានភាពជិតស្និទ្ធ និងសហការសាមគ្គីភាពបានយ៉ាងល្អ ដើម្បីបង្កើនការប្រកួតក្នុងឆ្នាំនីមួយៗឲ្យកាន់តែមានចំនួនកើនឡើងទ្វេដង ទើបយើងអាចឈានទៅពិនិត្យការវាយតម្លៃកម្រិតសមត្ថភាពរបស់កីឡាករកីឡាការិនីបានកាន់តែច្បា ស់លា ស់ និងពិតប្រាកដ។
ទន្ទឹម និងការប្រកួតសហព័ន្ធក៏បានបើកវគ្គបណ្តុះបណ្តាលខ្លី វគ្គអាជ្ញា កណ្តាលចៅក្រមថ្នាក់ជាតិ និងអនុវត្តដោយផ្ទាល់នៅលើទីលានប្រកួតនេះតែម្តង។ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានចូលរួមអបអរសារទរ ដោយក្តីមោទនភាពបំផុតចំពោះសមិទ្ធផលថ្មីមួយនេះ ដែលទើបតែស្ថាបនាឡើងបានរួចរាល់ជាស្ថាបពរ បន្ទាប់ពីបានចំណាយពេលសាងសងអស់រយៈពេលជាច្រើនខែកន្លងមក ដោយគំនិតផ្តួចផ្តើមផ្ទាល់ពី លោក សោម សមស័ក្កិ ប្រធានមន្ទីរហិរញ្ញវត្ថុ និងជាប្រធានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងមានការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តផងនោះ គឺទទួលបានទីលានវាយសីមួយធំទូលាយមាន៦តារាង ប្រកបដោយស្តង់ដាទំនើប និងមានផាសុខភាព។ នាឱកាសនោះ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានក្រើនរំលឹកដល់បណ្តាក្លិប សម្ព័ន្ធកីឡាវាយសីទាំងអស់ ពេលត្រឡប់ទៅវិញ សូមបង្កើនការហ្វឹកហាត់ និងរៀនសូត្រពង្រឹងជំនាញបន្តទៀត ដើម្បីឲ្យកីឡាកររបស់ខ្លួន កាន់តែមានសក្កានុពល និងបទពិសោធន៍ល្អ ហើយចូលគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ត្រៀមលក្ខណៈបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេង ដែលមានកម្លាំងខ្លាំងក្លា ដើម្បីដណ្តើមមេដាយមាសពេលប្រទេសយើងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ៕