សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករក្រោម២៣ឆ្នាំ ៧៤នាក់ ធ្វើតេស្តជម្រុះ ត្រៀមធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកោះហៅកីឡាករអាយុក្រោម២៣ឆ្នាំ ៧៤នាក់ សម្រាប់ការធ្វើតេស្តដំណាក់កាលទី១ ចាប់ពីថ្ងៃទី0២-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រៀមការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំអាស៊ីអាគ្នេយ៍ (AFF U23 Championship 2022) ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២។
បញ្ជីឈ្មោះនេះមានកីឡាករក្រោម២៣ឆ្នាំចំនួន៧៤នាក់ មកពី១៨ក្លិប ដោយគ្រោងនឹងធ្វើតេស្តរយៈពេល៣ថ្ងៃ ដើម្បីស្វែងរកបញ្ជីឈ្មោះចុងក្រោយ ហ្វឹកហាត់បំប៉នបច្ចេកទេស ត្រៀមប្រកួត AFF U23 Championship 2022 នា២សប្តាហ៍ទៀតនេះ។ លោក Keisuke Honda នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ថ្នាក់តំបន់ជាប្រវត្តិសាស្ត្រនេះ។
ព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជាមាន១១ក្រុម ដោយបែងចែកជា៣ពូល ក្នុងនោះពូលA មាន៤ក្រុម រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ទីម័រខាងកើត ហ៊្វីលីពីន និងព្រុយណេ។ ពូល B មាន ក្រុមឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មាន៣ក្រុម គឺថៃ វៀតណាម និងសិង្ហបុរី ។ ការប្រកួតចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ដោយប្រើប្រាស់ចំនួនពីរ គឺកីឡដ្ឋានព្រីនស៍ និងពហុកីឡដ្ឋានជាតិមរតកតេជោ។
ចំពោះ៣ប្រកួតរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា វគ្គសន្សំពិន្ទុក្នុងពូលA ត្រូវប៉ះជាមួយក្រុមព្រុយណេ នាថ្ងៃទី១៤ ខែកុម្ភៈ, ប៉ះក្រុមហ៊្វីលីពីន នាថ្ងៃទី១៧ខែកុម្ភៈ និងទីម័រខាងកើត នាថ្ងៃទី២០ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោទាំង៣ប្រកួត។ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ ពីថ្ងៃទី១៤-២២ ខែកុម្ភៈ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៣ បូកនឹង១ក្រុម ដែលជាចំណាត់ថ្នាក់លេខ២ ដែលល្អផ្តាច់គេនឹងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែកុម្ភៈ ហើយ២ក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវប្រកួតជាមួយគ្នាដណ្តើមលេខ៣ ខណៈ២ក្រុមឈ្នះៗនឹងត្រូវឡើងទៅប្រកួតប្រជែងដណ្តើមម្ចាស់ជើងឯក វគ្គផ្តាច់ព្រ័ត្រ AFF U23 Championship នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នេះតែម្តង។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាត់ទុកថា ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ គឺជាឱកាសថ្មីមួយ សម្រាប់កីឡាបាល់ទាត់កម្ពុជា ក្នុងការសម្រួចបច្ចេកទេសរបស់កីឡាករ ក៏ដូចជាការដកស្រង់បទពិសោធន៍បន្ថែមរបស់មន្ត្រីបច្ចេកទេសកម្ពុជា ក្នុងការត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ព្រឹត្តិការណ៍ U23 ឆ្នាំនេះ ក៏ដូចជាការចូលរួមព្រឹត្តិការណ៍អន្តរជាតិនានា ជាបន្តបន្ទាប់ គឺជាផ្លូវតែមួយក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង។ ចំពោះអាយុរបស់កីឡាករក្នុងព្រឹត្តិការណ៍ នឹងមានខ្លះអាចចូលរួមលេងក្នុងស៊ីហ្គេម ឆ្នាំ២០២៣បាន ដោយស៊ីហ្គេម ប្រើប្រាស់ឈុតអាយុក្រោម ២២ឆ្នាំ៕