ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២២

Detail Top Banner

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសពីការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


នៅក្នុងសេចក្តីជូនដំណឹង កាលពីពេលថ្មីៗ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ពីវិញ្ញាសាទម្រង់សម្តែងបុរស-នារី និងវិញ្ញាសាប្រយុទ្ធ ដោយវិញ្ញាសាទម្រង់សម្តែង រួមមាន៖ ទ្វារមេគុនដៃ, ទ្វារមេគុនអាវុធឥតមុខ, ទ្វារមេគុនអាវុធមានមុខ ទ្វារមេគុនព្រលឹងល្បុក្កតោ, ទ្វារមេគុនដៃក្រុម, សមយុទ្ធបុរស ១ទល់១, សមប្រយុទ្ធនារី ១ទល់បុរស២នាក់។ ផ្នែកប្រយុទ្ធ បុរស រួមមាន៖ ប្រភេទទម្ងន់ ៤៨-៥០ គីឡូក្រាម, ៥២-៥៤ គីឡូក្រាម, ៥៦-៥៨ គីឡូក្រាម និង៦៤-៦៦ គីឡូក្រាម ខណៈផ្នែកនារី រួមមាន៖ ប្រភេទទម្ងន់ ក្រោម៤៥ គីឡូក្រាម, ៤៨-៥០ គីឡូក្រាម, ៥៣-៥៥ គីឡូក្រាមនិងទម្ងន់ ៥៨-៦០គីឡូក្រាម ។


មុនការប្រកួតជាផ្លូវការ នឹងមានការប្រជុំបច្ចេកទេស រវាងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងតំណាងក្លិប សាលាគុន សមាគម ដែលចូលរួម នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា នេះជាយុទ្ធនាការថ្មីមួយទៀត ដើម្បីគោលដៅសម្រិតសម្រាំងរកកីឡាករ កីឡាការិនីមកពីបណ្តាក្លិបសាលាគុនទូទាំងប្រទេស ប្រចាំឆ្នាំ២០២១ ដែលបានពន្យារពេលជាបន្តបន្ទាប់ដោយសារវិបត្តិជំងឺកូវីដ-១៩ កន្លងមក។ តាមរយៈការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត នៃជើងឯកថ្នាក់ជាតិមួយនេះ ក៏ជាដំណើរនៃការអភិវឌ្ឍ និងអភិរក្សក្បាច់គុណព្រលឹងជាតិ ប្រពៃណីវប្បធម៌ជាតិខ្មែរមួយនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕

You might also like