ប្រធានសហព័ន្ធគុនដាវកម្ពុជាបង្ហាញភាពកក់ក្តៅ ចំពោះកិច្ចសហការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា

Detail Top Banner

ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធគុនដាវកម្ពុជាបានបង្ហាញ នូវភាពកក់ក្តៅចំពោះកិច្ចសហការ គាំទ្រ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់កិច្ច សហការគាំទ្រដ៏កក់ក្ដៅដល់ដំណើរការសហព័ន្ធកីឡាគុនដាវកម្ពុជា។


នៅក្នុងឱកាសបិទការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ពហុកីឡដ្ឋានវេស្ទើន, ឯកឧត្តម តែ ឡូរិន មានប្រសាសន៍ថា យោងតាម របាយ ការណ៍លទ្ធផលនៃការប្រកួតរបស់ លោក ឃុត សៀង ប្រធានបច្ចេកទេស ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរដល់កីឡាករ-ការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរចំពោះកីឡាករ កីឡការិនីទាំងអស់ ដែលខិតខំអស់សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់ បានជ័យជម្នះ ប៉ុន្តែលទ្ធផលនៃការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ស្ទង់ សមត្ថភាពរបស់ កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែកឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ។
ឯកឧត្តមសង្កត់ធ្ងន់ថា «ចំពោះកីឡាគុនដាវកម្ពុជា យើងបានប្ដេជ្ញាចិត្តដណ្ដើមឲ្យ បានមេដាយមាសក្នុង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យបានជាអតិប្បរមា។ ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់បន្តផ្តោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ឲ្យបានឱ្យបានខ្លាំងក្លា អស់ពីកម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យជោគជ័យ នៅ ស៊ីហ្គេម ឆ្នំា២០២៣ នេះ ដ៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។


សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះទទួលបាន ការ អញ្ជើញផ្តល់កិត្តិយសចូលរួមផ្តល់ការលើកទឹកចិត្ត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី រួមមាន៖ លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា, លោក កាំង សុធា អនុប្រធានរដ្ឋបាល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

You might also like