ក្រុមបាល់ទាត់កុមារ និងយុវជនក្រោមអាយុ១៨ឆ្នាំ ៣០ក្រុមចូលរួមប្រជែង ពានរង្វាន់ AIA – ISF Youth League ប្រចាំឆ្នាំ២០២២

Detail Top Banner

អង្គការផ្កាយសមុទ្រកម្ពុជា ទទួលបានការគាំទ្រពីក្រុមហ៊ុន AIA Cambodia បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AIA – ISF Youth League ប្រចាំឆ្នាំ២០២២ នៅទីលានបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានក្រុមបាល់ទាត់កុមារា កុមារី និងយុវជនក្រោមអាយុ១៨ឆ្នាំ ចំនួន៣០ក្រុម បានចូលរួមប្រជែង ។


លោកស្រី ជួប វិឆ្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអង្គការបានរៀបចំ និងទទួលបានការគាំទ្រពីក្រុមហ៊ុន AIA Cambodia ក្នុងគោលដៅផ្តល់ឱកាសឲ្យក្មេងៗ បានចូលរួមលេងបាល់ទាត់ ដើម្បីសុខភាព និងបង្រៀនឲ្យកុមារចេះធ្វើការងារសហការគ្នាជាក្រុម ដើម្បីទទួលបានបទពិសោធន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ និង អនាគត ។ លោកស្រី បានគូបញ្ជាក់ទៀតថា នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់ មូលដ្ឋាន ធំជាងគេបង្អស់មួយ នៅប្រទេសកម្ពុជា ដែលបានផ្តល់ឱកាសឲ្យកុមារ និងយុវជន កម្ពុជាក្រីក្រជាច្រើនបានចូលរួមលេងបាល់ទាត់ ។


លោក Andrew Loh (អ៊ែនដ្រូ ឡរ) នាយកប្រតិបត្តិ AIA Cambodia មានប្រសាសន៍ តាមរយៈកិច្ចសហការដ៍ល្អជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ក្រុមហ៊ុនក៏មានគម្រោងនាំកីឡាករល្អៗពីតំបន់អឺរុបមកចែករំលែក ជំនាញបាល់ទាត់ដល់កុមារ និងយុវជនរបស់អង្គការ ដើម្បីផ្តល់នូវក្តីសង្ឈឹម ក្នុងអាជីពបាល់ទាត់ឲ្យពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីព នាថ្ងៃអនាគត។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AIA – ISF Youth League ប្រចាំឆ្នាំ២០២២ នឹងធ្វើការប្រកួតជម្រុះ ក្រុមខ្លាំងៗ ពី៥រាជធានី-ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកំពត សៀមរាប កំពង់ស្ពឺ និងបាត់ដំបង ។ ក្រុមឈ្នះនៅតាមខេត្តនីមួយៗ នឹងត្រូវចូលរួមប្រជែងពានរង្វាន់ AIA – ISF Grand Championship League វគ្គផ្តាត់ព្រ័ត្រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ៕

You might also like