អ្នកជំនាញ បង្ហាញថាមុនពេលការប្រកួតផ្លូវការឆ្នាំ២០២៣ ត្រូវធ្វើទីលានបណ្ដោះអាសន្ន
ភ្នំពេញ៖ លោក ARASU អ្នកជំនាញផ្នែកសាងសង់ទីលានបានលើកឡើងថា មុនពេលការប្រកួតផ្លូវការមកដល់ឆ្នាំ២០២៣ ត្រូវធ្វើទីលានបណ្ដោះអាសន្ន ហើយធ្វើយ៉ាងណាត្រូវធ្វើឲ្យមានការសន្សំសំចៃខ្ពស់បំផុតមួយតាមដែលអាចធ្វើទៅបាន។
ការលើកឡើងនេះក្នុងកម្មវិធីធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកចិ្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកជំនាញដដែលបានឲ្យដឹងថា ការសាងសង់សំណង់បណ្ដោះអាសន្នទាំងអស់ត្រូវធ្វើយ៉ាងណារៀបចំឲ្យមានការសន្សំសំចៃ ដើម្បីអាចកាត់បន្ថយទំហំទឹកប្រាក់ក្នុងការចំណាយ។ ដោយសំណង់ដែលសាងសង់រួច នៅពេលដែលប្រកួតចប់អាចយកទៅប្រើប្រាស់បានបន្តទៀត។ ទីលានបណ្ដោះអាសន្ននោះក៏អាចទុកប្រើប្រាស់យូរអង្វែងបើសិនទីលាននោះត្រូវការប្រកួតបន្តទៀត ឬកីឡាដែលចាំបាច់។
លោកសង្កត់ធ្ងន់ថា លក្ខណៈសន្សំសំចៃនោះគឺសិក្សាលើសំណង់ណាដែលអាចរុះរើបាន ឬយកសំភារៈយកទៅធ្វើជាសំភារៈកីឡាអ្វីផ្សេងៗទៀតបាន។ ពេលវេលាកំណត់ក្នុងការចាប់ផ្ដើមធ្វើទីលាននេះគឺចាប់ផ្ដើមកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២២ ដោយនឹងចាប់ផ្ដើមធ្វើការជាមួយអ្នកដែលពាក់ព័ន្ធ និង សហព័ន្ធកីឡាជាតិ៕