សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួតកីឡាហែលទឹក នឹងមានមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំម្ចាសផ្ទះ ឆ្នាំ២០២៣
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់មន្រ្តីរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងការសម្រួចការរៀបចំឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ការបញ្ជាក់បែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលហែលទឹកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមពីលោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ។
លោក ហែម គីរី បន្ថែមថា វគ្គនេះបង្រៀនដោយគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងជាមន្រ្តីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយសហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែកចំណេះជំនាញ ក៏ដូចជាបទបញ្ជាបច្ចេកទេសថ្មីៗ ដែលបានកែប្រែជារៀងរាល់ឆ្នាំជូនទៅដល់មន្ត្រីហែលទឹក នាពេលនេះ។ លោក អគ្គលេខាធិការ លើកឡើងទៀតថា បន្ថែមពីលើនេះ មន្ត្រីគណៈកម្មការច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតនេះភាគច្រើនមានវ័យក្មេងៗ ដែលសហព័ន្ធចង់ពង្រឹងសមត្ថភាពរបស់ពួកគាត់ឈានឆ្ពោះទៅក្លាយជាមន្ត្រីបច្ចេក ទេសអន្តរជាតិ នាពេលខាងមុខ។
យើងនឹងបន្តបណ្តុះបណ្តាលឲ្យមានធនធានបែបនេះជាច្រើនទៀត សម្រាប់កម្រិតអន្តរជាតិនាថ្ងៃអនាគត។ ក្នុងនាមសហព័ន្ធខ្មែរកីឡាហែលទឹក លោកអគ្គលេខាធិការបង្ហាញអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ជាពិសេសគឺសហព័ន្ធហែលទឹក ។
លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសាទរ និងវាយតម្លៃខ្ពស់ចំពោះ វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ ។
លោកអនុប្រធានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡាក៏បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤២ ក្នុងឆ្នាំ២០២១នេះ សម្រាប់ដំណើរការងារទ្រទ្រង់ដល់សហព័ន្ធលើផ្នែករដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួត ដោយមានថវិកាគាំទ្រសរុប ៣១០០ លានរៀល។
គួរអោយដឹងផងដែលថា បច្ចុប្បន្ន សហព័ន្ធខ្មែរកីឡាហែលទឹកមានមន្ត្រីបច្ចេកទេសអន្តរជាតិចំនួនពីររូប គឺលោក ហែម គីរី និងលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួត កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយនេះជាលើកដំបូង និងជោគជ័យមួយរបស់វិស័យកីឡាហែលទឹកកម្ពុជា ដោយកន្លងមកកម្ពុជាមិនធ្លាប់ចូលរួម ដឹកនាំការប្រកួតកម្រិតអន្តរជាតិនៅឡើយទេ៕