សម្តេចពិជ័យសេនា ទៀបាញ់៖ យើងត្រូវរួមចិត្ត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីសម្រេចជោគជ័យ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជូនជាតិមាតុភូមិ

Detail Top Banner

សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ មានប្រសាន៍ថា ដើម្បីឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ាហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរៀបចំលើកដំបូងព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជូនជាតិមាតុភូមិ រាជរដ្ឋាភិបាល ពិសេស លើកកិត្តិយសកេត្យានុភាពជាតិលើឆាកអន្តរជាតិ ចាំបាច់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមចិត្ត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការប្រើប្រាស់យន្តការតម្លាភាព គណនេយ្យភាព និងស័ក្កសិទ្ធិភាពក្នុងការងារតួនាទីភារៈកិច្ច ដែលគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ប្រគល់ជូន ។


សម្តេចពិជ័យ បានថ្លែងលើកឡើងនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២១ និងលើទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកចិ្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចពិជ័យ បានគូបញ្ជាក់ថា យោងតាមសន្និបាត និងសិក្ខាសាលានាពេលនេះ គណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣( CAMSOC)ពិតជាទទួលបាននូវស្មារតីទទួលខុសត្រូវរួមគ្នា បទពិសោធន៍ ជំនាញ និងលក្ខ័ណ្ឌតម្លូវមួយចំនួនជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ញាប្រឈម និងរាំងស្ទះទាំងឡាយដល់ដំណើរការអនុវត្តបន្ត ប៉ុន្តែអ្វីៗទាំងអស់ដែលកើតឡើង និងសមិទ្ធផលដែលយើងសម្រេចបានកន្លងមកនេះ វានូវតែជាក្តីបារម្មណ៍របស់គណៈកម្មាធិការជាតិ CAMSOC។

ដូចនេះ សម្តេចពិជ័យ បានផ្តល់អនុសាសន៍ និងដាក់ចេញនូវយុទ្ធសាស្រ្តស៊ីជម្រៅមួយចំនួនតាមអភិក្រមតម្រង់ទិសដូចខាងក្រោម ទី១.ថ្នាក់ដឹកនាំ មន្រ្តីអគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញនៃគណៈកម្មាធិការជាតិ CAMSOCត្រូវប្រមូលផ្តុំកម្លាំងសរុបលះបង់ពេលវេលា និងការទទួលខុសត្រូវតាមក្រសួងស្ថាប័នរបស់ខ្លួន ដោយផ្តោតលើការយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ចដែលគណៈកម្មាធិការជាតិ CAMSOCប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីដែលមានមុខងារដឹកនាំត្រូវយកចិត្តទុកដាក់ប្រើប្រាស់ពេលវេលាឲ្យអស់ពីលទ្ធភាពរៀងៗខ្លួន ក្នុងនោះឆមាសទី១ឆ្នាំ២០២២យោងហោច៦០% និងឆមាសទី២ក្នុងឆ្នាំ២០២២ដល់ព្រឹត្តិការណ៍ប្រកួតត្រូវចំណាយពេលវេលា១០០%ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។

ទី២.គណៈកម្មាធិការជាតិ CAMSOCត្រូវពិនិត្យពិចារណាកែសម្រួលភាពចាំបាច់ជាបន្ទាន់ចំពោះសមាសភាពថ្នាក់ដឹកនាំឬមន្រ្តីដែលអសកម្មការងារ មិនទទួលខុសត្រូវចំពោះបេសកម្មការងាររបស់ខ្លួនត្រូវដកចេញ ទី៣.ផែនការអនុវត្តជំនាញសសរស្តំកីឡាទាំង៣មានក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងសហព័ន្ធកីឡាជាតិត្រូវរួមគ្នាជម្រុញអភិវឌ្ឍសមត្ថភាព គុណភាព និងគុណផលកីឡា។ ទី៤.គណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយរបស់ CAMSOC រួមជាមួយស្ថាប័នអង្គភាពរាជធានីខេត្តត្រូវជំរុញការផ្សព្វផ្សាយឲ្យបានផុលផុសតាមផែនការរបស់ CAMSOCពិសេស យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបំផុសចលនាគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងចូលរួមបំផុសចលនា គាំទ្រនៅក្នុងសង្គមឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយយុទ្ធនាការទី១ កីឡារស់ក្នុងសន្តិភាព ទី២ប្រជាជនម្នាក់លេងកីឡាមួយមុខ ទី៣យុទ្ធនាការកម្ពុជាស្អាត និងយុទ្ធនាការទី៤កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន។

ទី៥.ផែនការយុទ្ធសាសន៍Saving Game (សន្សំសច្ចៃខ្ពស់ក្នុងផែនការរៀបចំ)ពាក់ព័ន្ធជាមួយក្រសួងស្ថាប័នអង្គភាពរាជធានីខេត្តត្រូវគោរពជាគោលស្មើសុំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ។ទី៦. មុខងារសំខាន់របស់គណៈកម្មាជំនាញដែលត្រូវប្រគល់សិទ្ធក្នុងការផ្តល់សេវានានាដល់ CAMSOCលើសេវាឯកជន និងក្រុមហ៊ុនត្រូវមានគុណវុធខ្ពស់លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវធ្វើកិច្ចសន្យាឲ្យបានរួចរាល់ក្នុងឆមាសទី១ឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុនមួយចំនួនដែលមានលក្ខណៈពិសេស និងតម្រូវការពេលវេលាមិនទាន់មកដល់ត្រូវចុះកិច្ចសន្យានៅបំណាចឆមាសទី២ឲ្យខានតែបាន។

ទី៧.ការងារសំខាន់ៗចំពោះមុខត្រូវសម្រេចឲ្យបានលទ្ធផលជាផ្លែផ្កាក្នុងឆមាសទី១ក្នុងឆ្នាំ២០២២ រួមមានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម និងចូលរួមទទួលទង់ស៊ីហ្គេមពីប្រទេសវៀតណាម គ្រប់ទីលានទាំងអស់ត្រូវចាប់ផ្តើមពិនិត្យវាយតម្លៃជួសជុលកែលម្អ ឬសាងសងថ្មីឲ្យបានរួចរាល់ឲ្យបាន៦ខែមុននៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ត្រៀមរៀបចំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យទទួលបានការគាំទ្រពេញទំហឹងពីបណ្តាលប្រទេសជាសមាជិក។ទី៨.គឺប្រភេទកីឡាមួយចំនួនដែលត្រូវរៀបចំក្នុងក្របខណ្ឌFree Sea gameក្នុងឆ្នាំ២០២២ និង២០២៣ ត្រូវរៀបចំឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីស្រូបយកបទពិសោធន៍សំខាន់ៗធ្វើការវាស់ស្ទង់សមត្ថភាពមន្រ្តីជំនាញ កីឡាករកីឡាការិនីឲ្យបានច្បាស់លាស់។ទី៩ .គណៈកម្មាហិរញ្ញវត្ថុនិងផ្តត់ផ្គង់ត្រូវធានាប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព អនុលោមភាពទាន់ពេលវេលាតាមផែនការ ទន្ទឹមនិងនេះត្រូវរៀបចំផែនការគម្រោងប្រចាំឆ្នាំ២០២២និង២០២៣រួមគ្នាតែម្តងឲ្យបានរួចរាល់។
សម្តេចពិជ័យសេនា បានកោតសសើនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តី CAMSOCទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រេចបានផទ្ធផលគួជាទីមោទនភាពក្នុងឆ្នាំ២០២១ និងប្តេជ្ញាចិត្តបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវចំណុចអភិក្រមតម្រង់ទិសទាំង៩ដែលអង្គសន្និបាតនិងសក្ខាសិលាបានដាកជូន ដើម្បីឈានទៅសម្រេចជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ៕

You might also like