គណៈកម្មការជំនាញ CAMSOC ត្រៀមទទួលទង់ស៊ីហ្គេម ពីវៀតណាម និងអាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី

Detail Top Banner

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា ក្រៅពីការត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញរបស់ខ្លួនត្រៀមទទួលទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះ វៀតណាម គឺក្រុមប្រតិភូ គណៈកម្មការជំនាញអាស៊ានប៉ារ៉ាហ្គេមកម្ពុជាក៏នឹងត្រៀមចូលរួមប្រកួត និងទទួលទង់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសឥណ្ឌណេស៊ី នាខែកក្កដា ឆ្នាំ២០២២ ។


ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ការលុបចោលចំនួន២ព្រឹត្តិការណ៍នេះ គឺជាក្តីបារម្ភរបស់អាស៊ាន ដែលអត្តពលិកពិការ រួមទាំងគណៈកម្មការបច្ចេកទេស មិនបានដុសខាត់សមត្ថភាពជំនាញរបស់ខ្លួន ព្រមទាំងជះឥទ្ធិផលមិនល្អ ដល់គុណភាពបច្ចេកទេសរបស់អត្តពលិក ក្នុងតំបន់ផងដែរ ។ ការប្រកួតកីឡាជនពិការអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងរៀបចំឡើងវិញនេះ កម្ពុជាគាំទ្រពេញទំហឹង ដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ។


ឯកឧត្តម យី វាសនា កម្ពុជា នឹងអាចចូលរួមប្រកួតប្រជែង ក្នុងការកសាងសមត្ថភាពអត្តពលិកបន្ថែម ព្រមទាំងផ្តល់បទពិសោធន៍កាន់តែច្រើន សម្រាប់មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេសពិការ អោយបានកាន់តែល្អប្រសើរផងដែរ ។ ឯកឧត្តម យី វាសនា អះអាងថា បច្ចុប្បន្នកីឡាករ កីឡាការិនីពិការកម្ពុជា កំពុងហ្វឹកហាត់បិទខ្ទប់បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះ មានការប្រកួតអន្តរជាតិកាន់តែច្រើន នោះការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះ ក៏កាន់តែប្រសើរឡើង ។
គួររំឭកថា តាមពិតការរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ត្រូវដល់វេនម្ចាស់ផ្ទះ វៀតណាម ដែលរៀបចំបន្ត បន្ទាប់ពីបញ្ចប់ស៊ីហ្គេម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យវៀតណាមទទួលរៀបចំធ្វើតែស៊ីហ្គេមប៉ុណ្ណោះ ៕

You might also like