ការប្រកួតបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ២០២២ ប្រកាសបើកជាផ្លូវការ
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានចាប់ ផ្តើមបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ទាំង១៩ក្រុមចូលរួមប្រកួត ត្រូវគោរពឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាព និងគោលការណ៍លេងដោយយុត្តិធម៌ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញឲ្យព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល រដូវកាលនេះទទួលបានលទ្ធផលជាផ្លែផ្កា ។ លោក បន្ថែម នៅក្នុងចំណោម១៩ក្រុម ដែលចូលរួមប្រកួតនេះ គឺមានក្រុមកីឡាករជានិស្សិតជនជាតិបារំាង ក៏ត្រៀមចូលរួមប្រកួតប្រជែងជាមួយក្រុមកីឡាករខ្មែរដែរ ។
លោក នាយកវិទ្យាស្ថាន បញ្ជាក់ទៀតថា ក្រៅពីបាល់ទាត់ហ្វូតសាល ក្នុងឆ្នាំនេះ ខេមអេដក៏ត្រៀមរៀបចំការប្រកួតកីឡាបាល់បោះ និងអត្តពលកម្មទៀតផង ដើម្បីផ្តល់ឲ្យនិស្សិតចេះចាប់ផ្តើមធ្វើការរួមគ្នា ការបណ្តុះឆន្ទៈ ស្មារតីរបស់កីឡាកររៀនធ្វើកិច្ចការឲ្យទទួលបានជោគជ័យ ដើម្បីផ្តល់ចំណេះដឹង បទពិសោធល្អៗ នៅពេលពួកគាត់ចេញទៅប្រកបការងារ ក្រោយបញ្ចប់ការសិក្សា ។ គោលបំណងចម្បង នៃព្រឹត្តិការណ៍កីឡានេះ គឺដើម្បីបណ្តុះគំនិតឲ្យកីឡាករចេះធ្វើការជាក្រុម ធ្វើការក្រោមសម្ពាធ និងចេះទទួលយកការឈ្នះ-ចាញ់ ដើម្បីអាចគ្រប់គ្រងអារម្មណ៍ ស្មារតីជាដើម ។
លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ ត្រូវបានរៀបចំឡើងវិញ ក្រោយខកខាន១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយលោកបានចាត់ទុកថា នេះជាព្រឹត្តិការណ៍កីឡាមួយទៀត នៅឆ្នាំ២០២២នេះ ដែលវាជាការប្រកួតដ៏សំខាន់សម្រាប់យើងក៏ដូចជានិស្សិតទាំងអស់ ដើម្បីជំរុញដល់សុខមាលភាពរបស់ពួកគេ ជាពិសេសគឺការអប់រំនៃការធ្វើការជាក្រុម តាមរយៈការប្រកួតកីឡានេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ នឹងដំណើរការរយៈពេល៤ខែ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ៕