អង្គការបេះដូងមាសនិងប៉ារ៉ាឡាំពិកកម្ពុជា(NPCC)ចុះជ្រើសរើសអត្តពលិកកីឡាអត្តពលកម្មជនពិការត្រៀមចូលរួមប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាលើកទី៤
អង្គការក្រៅរដ្ឋាភិបាលបេះមាសបានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបន្តបេសកម្មចុះជ្រើសរើសអត្តពលិកកីឡាអត្តពលកម្មជនពិការសក្តានុពល ក្នុងអង្គការករុណាបាត់ដំបង ដែលស្ថិតនៅក្នុងទឹកដីខេត្តបាត់ដំបង។
លោក ស្រី Yoneyama Haruka(យូនៃយ៉ាម៉ា ហារ៉ូកា)បុគ្គលិករដ្ឋបាលនិង គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានគូបញ្ជាក់ថា បេសកម្មចុះជ្រើសរើសអត្តពលិកកីឡាអត្តពលកម្មជនពិការដែលមានសក្តានុពលនៅក្នុងខេត្តបាត់ដំបងនេះ ក្នុងគោលបំណងជ្រើសរើសអត្តពលិកជនពិការដែលឆ្នើមៗ ដើម្បីយកទៅចូលរួមការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាលើកទី៤ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ដល់២៧ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ មួយវិញទៀត គឺដើម្បីផ្សព្វផ្សាយពីកីឡាអត្តពលកម្មជនពិការផងដែរ។
លោក ស្រី លើកឡើងទៀតថា ការជ្រើសរើសអត្តពលិកជនពិការកីឡាអត្តពលកម្មនៅខេត្តបាត់ដំបងនេះ ក្រុមការងារយើងបានធ្វើតេស្តកាយសម្បទា (PFT)ដែលបានអភិវឌ្ឍពីកម្រោងអប់រំកាយនៃអង្គការបេះដូងមាស។ នៅក្នុងតេស្តកាយសម្បទានោះ មានលំហាត់៨ប្រភេទេដែលយើងអាចពិនិត្យបាន មានដូចជា១. វាស់កម្ពស់ ២. ថ្លឹងទម្ងន់៣. ការវាស់ល្បឿន
៤. ការលាតសន្ធឹងនៃសាច់ដុំ (Muscle Strength) ៥. ភាពបត់បែន៦. ភាពរហ័សរហួន៧. កម្លាំងសាច់ដុំ និង ៨. ភាពអំណត់នៃរាងកាយទាំងមូល។
បុគ្គលិកគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ អះអាងថា នេះជាចំណុចចាប់ផ្តើមដ៏ល្អប្រសើរមួយប្រសិនបើពួកគាត់នៅតែបន្តលេងកីឡាអត្តពលកម្មនាពេលអនាគត។ ក្រុមការងារនៅតែបន្តស្វែងរកអត្តពលិកពិការបន្ថែមទៀតឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា កម្មវិធីជ្រើរើសអត្តពលិកកីឡាអត្តពលកម្មជនពិការ និងកម្មវិធីប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជាលើកទី៤ ទទួលបានការគាំទ្រឧបត្ថម្ភដោយជនជាតិជប៉ុន និងតាមរយៈកម្មវិធីមូលនិធីពីប្រទេសជប៉ុន៕