សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើក កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
សៀមរាប ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានថ្លែងសន្ទរកថា ប្រកាសបើកជាផ្លូវការ «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នយ៍» នៅខេត្តសៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា «ថ្ងៃនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាប ដែលបានទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាពេលនេះ។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខ្ញុំមានសេចក្តីសោមនស្សរីករាយបានថ្លែងបើក «កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍» ដ៏មានសារៈសំខាន់ សម្រាប់ត្រៀមរៀបចំការ ប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។ «បច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិក ក្នុង ដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឱ្យទទួល បានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងជោគជ័យ»។
ស្របពេលជាមួយគ្នានេះ សម្តេចពិជ័យសេនា មានប្រសាសន៍ទៀតថា «ក្នុងនាមម្ចាស់ផ្ទះរៀបចំ CAMSOC ខ្ញុំសូមព្រះអង្គម្ចាស់រាមច្បងព្រឹទ្ធាចារ្យកីឡា ដ៏មានឥទ្ធិពល និងបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំវិស័យកីឡាជាតិ និងអន្តរជាតិ ផ្ដល់នូវដំបូន្មានល្អៗ មតិយោបល់ទស្សនទានកីឡាសំខាន់ៗ និងចែករំលែកបទពិសោធន៍ស៊ីជម្រៅដល់កម្ពុជា ដែលកំពុងធ្វើការរៀបចំផងរៀនសូត្រផងពីប្រទេសជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចនៅតាមប្រព័ន្ធវីដេអូ Zoom»៕