ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា ចាប់ផ្តើមហ្វឹកហាត់បន្សាំទីលាននៅប្រទេសប៉ារ៉ែន ត្រៀមប្រជែងដណ្តើមកៅអីឡើងទៅគ្រុបទី៣នៃព្រឹត្តិការណ៍ Davis Cup

Detail Top Banner

ប៉ារ៉ែន ៖ ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសប៉ារ៉ែន ដោយសុវត្ថិភាព កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ ហើយថ្ងៃទី១៤ បានចេញទៅហ្វឹកហាត់បន្សាំទីលាននិងបង្កើនសមត្ថភាព ដើម្បីត្រៀមលក្ខណៈប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១៧ខែតុលាខាងមុខនេះ។


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និង ជាប្រធានក្រុមដឹកនាំអត្តពលិកកម្ពុជា បានឲ្យដឹងថា គិតម ក ត្រឹម ថ្ងៃ ទី១៤ ខែ តុលា ឆ្នាំ២០២២ កីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជាបានមកជួបជុំគ្នាអស់ហើយ នៅប្រទេសប៉ារ៉ែន ដោយកីឡាករ៣រូបមកពីភ្នំ ពេញមានកី ឡាករ ប៊ុន កេន្នី ឡុង សំនៀង និង ឃ្លាំងពន្លក និង២រូបទៀតមកពីសហរដ្ឋអាមេរិក មាន កីឡាករទេព ទីម៉ូធី និង Matthew David Krusling ។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា សម្រាប់ការមកដល់ប្រទេសប៉ារ៉ែនមុនការប្រកួតរយៈពេល៣ថ្ងៃ ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជាទាំង៥រូប នឹងធ្វើការហ្វឹកហាត់បន្សាំជាមួយទីលានប្រកួត និងពង្រឹងសមត្ថភាពបន្ថែមត្រៀមការប្រកួតនៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២។


លោកថា ព្រឹត្តិការណ៍ Davis Cup គ្រុបទី៤នេះ មានប្រទេសចូលរួមតែ៩ប្រទេសប៉ុណ្ណោះ ដោយអវត្តមានប្រទេសតាជីគីស្ថាន ហើយ ក្រុមកម្ពុជាក៏ពុំទាន់ដឹងថា ក្នុងចំណោម២ពូល គឺពូលA និងពូលB ស្ថិតនៅពូលណាមួយឡើយ កំពុងរងចាំការចាប់ឆ្នោតចែកពូលដែលធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែ តុលាខាងមុខនេះ។
អគ្គលេខាធិការរូបនេះ បានបង្ហាញក្តីសង្ឈឹមខ្ពស់ថា ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣បាន ដ្បិតការត្រៀមខ្លួនរបស់ក្រុមកម្ពុជាបានយ៉ាងល្អ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់២២ ខែតុលា ឆ្នាំ២០២២ មាន៩ប្រទេសចូលរួម។ សម្រាប់កម្ពុជាយកព្រឹត្តិការណ៍មួយនេះ ដើម្បីបង្កើនសមត្ថភាពជម្រើសជាតិត្រៀមលក្ខណៈការប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

You might also like