ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជម្រុញអោយមានការចេញប្រកួតអន្តរជាតិអោយបានច្រើន សម្រាប់យកបច្ចេកទេសថ្មី ត្រៀមស៊ីហ្គេម ២០២៣

Detail Top Banner

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជម្រុញអោយមានការចេញប្រកួតអន្តរជាតិអោយបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីអភិវឌ្ឍប្រភេទកីឡាកាយសម្ព័ន្ធឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសគឺគោលដៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី២៧ ខែតុលានេះ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«បើយើងគិតចាប់ពីពេលនេះរហូតដល់ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេលតែ១៩០ថ្ងៃតែប៉ុណ្ណោះ ដែលកម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣»។
ឯកឧត្តមបណ្ឌិតថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះគឺជាការវាសស្ទង់ កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីបន្ទាប់ពីបានហ្វឹកហាត់យ៉ាងសកម្មនាពេលកន្លងមក ជាពិសេសក៏ជាឱកាសអាចអោយអាជ្ញាកណ្តាល ចៅក្រមបានពង្រឹងសមត្ថភាពក្នុងការរៀបចំមុនស៊ីហ្គេម ២០២៣ផងដែរ ។

ជ័យជំនះដែលកីឡាករ កីឡាការិនីទទួលបាននាពេលនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ និងការតស៊ូមិនខ្លាចនឿយហត់ ជាពិសេសគោរពនូវវិន័យដែលគ្រូបានដាក់ចេញបានល្អ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតថោង ខុន ក៏សូមថ្លែងអំណរអគុណដល់គ្រូបង្វឹកដែលបានយកចិត្តទុកដាក់ មកបង្ហាត់បង្រៀនដល់ក្រុមអត្តពលិកកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅសម្រេចជោគជ័យនាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តមប្រធានសហព័ន្ធ បានមានប្រសាសន៍យ៉ាងដូច្នេះថា ដើម្បីសម្រេចជោគជ័យនាស៊ីហ្គេម ឆ្នាំ២០២៣ ខ្ញុំស្នើសុំអោយសហព័ន្ធរបស់យើង ខិតខំបញ្ជូនអត្តពលិក មន្ត្រីចៅក្រម អាជ្ញាកណ្តាលគ្រូបង្វឹក ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ ដើម្បីទទួលបានចំណេះដឹកទាំងនោះ មកចែករំលែកដល់អត្តពលិកថ្នាល់ក្នុងសហព័ន្ធ អោយមានជំនាញកម្រិតខ្ពស់សម្រាប់ប្រើប្រាស់អោយទទួលបានជោគជ័យនាស៊ីហ្គេមឆ្នាំ២០២៣ ។
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអោយដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ ទទួលបានការគាំទ្រឧបត្ថមថវិការពីក្រសួង អប់រំ យុវជន និងកីឡា សម្រាប់រៀបចំការប្រកួត ក្នុងគោលបំណង ដើម្បីធ្វើការអភិវឌ្ឍ ធនធានមនុស្ស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី ឱ្យមានគុណភាព គុណផលកម្រិតខ្ពស់ សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ។ លោកអគ្គលេខាធិការ បញ្ជាក់ទៀតថា ផ្អែកតាមការប្រកួតជើងឯករយៈពេល៦ថ្ងៃកន្លងមក យើងសង្កេតឃើញថា កីឡាករកីឡាការិនីមានការខិតខំប្រកួតប្រជែងគ្នាប្រកបដោយក្រមសីលធម៌គោរពគោលការណ៍ Fair Play បានបញ្ចប់ទៅដោយរលូននិងជោគជ័យ បើប្រៀបធៀបកាលពីឆ្នាំ២០២១យើងឃើញថា អត្តពលិកមានការកើនឡើងផ្នែកគុណផលបច្ចេកទេស បានល្អប្រសើ ។


សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មានក្លឹបកីឡាកាយសម្ព័ន្ធចូលរួមចំនួន៨ មកពី៤ក្រសួងខេត្ត កីឡាករកីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៣៣នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៣នាក់ផងដែរ ។ ជាលិទ្ធផល វិញ្ញាសា កាយសម្ព័ន្ធអាទីស្ទីក សរុបឧបករណ៍ទាំង៦ (កម្រាល , សេះលោត , សេះកង , កង , របារស្រប , របារនឹង ) ចំណាត់ថ្នាក់លេខ១ បានលើកីឡាករ ទែន វ៉ាន់ ដេត មកពីខេត្តកំពង់ឆ្នាំង , ឧបករណ៍ជំនាញក្រុម ៦នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្រុមកីឡាករ សុន វីរ៉ា , ងឿន សុវណ្ណារ៉ា ,រុន សារ៉ាន់ , ឈឿន ធារី , ជុំ សុខជា , និងកីឡាករវ៉ែន ភារ៉ា មកពីខេត្តក្រចេះ ។ វិញ្ញាសា កាយសម្ព័ន្ធអាអេរ៉ូប៊ិក ឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ ជឿន ចាន់បូរី ក្រសួងមហាផ្ទៃ ឯកត្តជននារី ចំណាត់ថ្នាក់លេខ១ បានលើកីឡាការិនី ម៉ូ ស្រីពៅ មកពីខេត្តកំពង់ឆ្នាំង ។ គូរបុរស នារី លេខ១ កីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ណេម សុខ ហេង មកខេត្តក្រចេះ ។ អាអេរ៉ូប៊ិកទ្រីយ៉ូ ចំណាត់ថ្នាក់លេខ១ បានលើអត្តពលិកក្រសួងមហាផ្ទៃ ។អាអេរ៉ូប៊ិកក្រុម ចំណាត់ថ្នាក់លេខ១ បានលើក្រុមអត្តពលិកក្រសួងមហាផ្ទៃ ។

You might also like