ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ ៖ បទពិសោធពីការប្រកួតអន្តរជាតិ គឺជារឿងសំខាន់ ដើម្បីឆ្ពោះទៅរកមេដាយមាសនាស៊ីហ្គេម ២០២៣

Detail Top Banner

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា ការទទួលយកបទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ គឺជារឿងដ៏សំខាន់បំផុត ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ។


ថ្លែងក្នុង ពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន បានជម្រុញឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជាត្រូវខិតខំដកស្រង់បទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ និងសូមឱ្យសហព័ន្ធខិតខំបំផុសមហាជនឱ្យស្រឡាញ់ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។


ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣លើប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២២ទទួលបាននូវលទ្ធផលល្អប្រសើរ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានការចាប់អារម្មណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ យ៉ាងខ្លាំង តាមរយៈសមិទ្ធផលមេដាយថ្មីៗទួលមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយប្រាក់ចំនួន០៣គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ព្រមទាំងមេដាយ ជើងឯកអាស៊ីលើកទី៧ ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃទទួលបានមេយប្រាក់០២គ្រឿង និងសំរឹទ្ធ១គ្រឿងបន្ថែមទៀត៕

អត្ថបទ៖គោព្រៃ

You might also like