ខេត្តព្រះសី ហនុ ដណ្តើម បានមាសច្រើន ជាងគេក្នុង ការប្រ កួតកី ឡាវា យ កូ នគោលព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងកីឡាជនពិការជាតិលើកទី១
ភ្នំពេញ៖ខេត្តព្រះសីហនុបានក្លាយជាខេត្តលេចធ្លោខ្លាំងជាងគេក្នុងការប្រកួតកីឡាវាយកូនគោលព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ពេល៥ថ្ងៃ។
លោក លីគា ប្រធានក្រុមដឹកនាំកីឡាករកីឡាការិនីខេត្តព្រះស៊ីហនុ បានបញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ខេត្តព្រះសីហនុបានដឹកនាំកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន៧រូបក្នុងនោះកីឡាករ៤ និងកីឡាការិនី៣រូប ប្រកួតលើ៤វិញ្ញាសា មានឯកកជននារី ឯកក្តជនបុរស ប្រកួតជាក្រុមបុរស និងប្រកួតជាក្រុមនារី។
ជាលទ្ធផលក្រុមខេត្តព្រះសីហនុប្រជែងដណ្តើមបានមេដាយសរុប៥គ្រឿងរួមមានមេដាយមាស៤គ្រឿង និងមេដាយប្រាក់១គ្រឿង ហើយ ទាំង៤វិញ្ញាសាដែលគណៈកម្មការដាក់ឲ្យប្រកួតប្រជែងខេត្តព្រះសីហនុសុទ្ធសឹងដណ្តើមបានមេដាយមាសទាំងអស់។
ប្រធានក្រុមដឹកនាំរូបនេះ បញ្ជាក់ទៀតថា សមិទ្ធផលមេដាយមាសនេះ គឺជាមោទកភាពមួយរបស់ខេត្តព្រះសីហនុសម្រាប់ការចូលរួមជាលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំថ្នាក់ជាតិនេះ។ លោក បានថ្លែងអំណរគុណដល់កីឡាករកីឡាការិនីខេត្តព្រះសីហនុទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងពោះពារតស៊ូរួបរួមសាមគ្គីគ្នារហូតសម្រេចបានជោគជ័យជូនខេត្ត។ជាមួយគ្នានេះដែរ ក្នុងនាមប្រធានក្រុមដឹកនាំតំណាងឲ្យកីឡាករកីឡាការិនីខេត្តព្រះស៊ីហនុ ក៏សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងក្លិបស៊ីធីហ្គោល ដែលបានឧបត្ថម្ភគាំទ្រ។ បើគ្មានការឧបត្ថម្ភគាំទ្រទាំងអស់នេះទេ សមិទ្ធផលមេដាយមាសទាំងអស់នេះក៏គ្មានដែរ។
កីឡាករ ថោង សុខាំមុន្នី និងកីឡាការិនី សា រឿនទេវី ដែលប្រជែងដណ្តើមបានមេដាយមាសទាំងវិញ្ញាសាឯកជននិងក្រុមបានជូនខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំភើបរីករាយ ហើយបានចាត់ទុកសមិទ្ធផលដែលទទួលបានពីការប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះជាបទពិសោធមួយដ៍ល្អ ក្នុងការបន្តហ្វឹកហាត់ត្រៀមសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិផ្សេងៗទៀត។
សម្រាប់លទ្ធផលចំណាត់ថ្នាក់វិញសាផ្នែកបុរសឯកក្តជន ចំណាត់លេខ១បានទៅ កីឡាករ ថោង សុខាំមុន្នី មេដាយមាស ខេត្តព្រះសីហនុ ចំណាត់លេខ២មេដាយប្រាក់ បានទៅលើកីឡាករ ពៅ ពេជ្រមេត្តា ខេត្តសៀមរាប និងចំណាត់លេខ៣មេដាយសំរិទ្ធ បានកីឡាករ ឡេង តូខេត្តកណ្តាល។ វិញ្ញាសាឯកក្តជនផ្នែកនារី ចំណាត់លេខ១មេដាយមាស បានទៅលើកីឡាការិនី សា រឿនទេវី ខេត្តព្រះសហនុ ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់បានទៅលើកីឡាការិនី កាន់ វង្ស ខេត្តព្រះសីហនុ និង ចំណាត់លេខ៣ មេដាយសំរិទ្ធបានទៅលើកីឡាការិនី វ៉ាន់ សុកើយ ខេត្តសៀមរាប។ វិញ្ញាសាក្រុមនារី មេដាយមាសបានទៅលើក្រុមខេត្តព្រះសីហនុ មេដាយប្រាក់បានទៅលើខេត្តសៀមរាប និងមេដាយសំរិទ្ធបានទៅខេត្តកំពង់ធំ។វិញ្ញាសាក្រុមបុរស មេដាយមាសបានទៅលើខេត្តព្រះសីហនុ និងមេដាយប្រាក់បានទៅលើខេត្តកំពង់ធំ និងមេដាយសំរិទ្ធបានទៅលើខេត្តសៀមរាប៕