ក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេពីការប្រកួតល្បុក្តតោ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រុមអត្តពលិកកីឡាករ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេពីការប្រកួតកីឡាល្បុក្តតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ នឹងបានបឹទបញ្ចប់កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូម្សិលមិញនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ដែលពិធីបិទការប្រកួត មានការអញ្ជើញចូលរួមក្រោមវត្តមាន លោក កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាន នាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុករួម ។
លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដឹងថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ គណៈកម្មការរៀបចំ ការប្រកួត បានរៀបចំទទួលបន្ទុកការធ្វើដំណើរ ហូបចុក ស្នាក់នៅរបស់ព្រឹទ្ធាចារ្យ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ដែលមកពី ២៥ សាលាគុន តាមបណ្តាខេត្តឆ្ងាយ ដោយក្នុងនោះ មានមកពី ១០ រាជធានី-ខេត្ត និង ក្រសួង១ ដោយមានប្រតិភូគ្រូបង្វឹក ៤៣ រូប កីឡាករ ១០២ រូប កីឡាការិនី ៦៨ រូប គណៈកម្មការរៀបចំការប្រកួត ៤៨ រូប និងក្រុមការងារស្ម័គ្រចិត្ត ២០ រូប សរុប ២៨១ រូប ។
ចំពោះលទ្ធផលនៃការប្រកួត ក្រសួងមហាផ្ទៃ ឈរកំពូលតារាង ដោយដណ្តើមបានមេដាយមាស ៥ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៤គ្រឿង ខណៈក្រុមកីឡាគុនល្បុក្កតោ សុវណ្ណអង្គរនាគរាជ ខេត្តសៀមរាប ឈ្នះមេដាយមាស ៤ គ្រឿង និងប្រាក់ ២ គ្រឿង ក្រុមកីឡាគុន ល្បុក្កតោខេត្តតាកែវ (គោកធ្លក) ឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាគុនល្បុក្កតោខេត្តតាកែវ ឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ។