ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ឈកំពូលតារាងមេដាយ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២
ភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងអស់រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ។
ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសបា្តហ៍នេះ។
លោកជំទាវ គឹម សេដ្ឋានី អនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ បានមានប្រសាសន៍ថា តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត ឃើញថាប្អូនៗ កីឡាករកីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះនាពេលនេះ ហើយខ្ញុំសង្ឃឹមថាប្អូនប្អូនកីឡាករកីឡាការិនីដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់កម្មវិធីប្រកួតផ្សេងៗទៀតព្រោះការប្រកួតតែងមានចាញ់ មានឈ្នះ។
សូមចូលរួមផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិតេក្វាន់ដូ WT ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលខាងមុខ ហើយទទួលបានជោគជ័យគ្រប់វិញ្ញាសាដណ្តើមមេដាយ និងកិត្តិយសជូនជាតិយើងសូមកុំភ្លេចពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ។ លោកជំទាវ អនុប្រធាន បន្តថា ការប្រកួតនេះ អាចដំណើរការទៅបានដោយសារមានការគាំទ្រពីក្រសួង អប់រំ យុវជន និងកីឡាតាមរយៈថវិកាគាំទ្រ ជួយពន្លឿនដល់ការអភិវឌ្ឍ របស់ខេមរៈសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២២ សម្រាប់ជាឱកាសដល់កីឡាករកីឡាការិនីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការដណ្តើមជ័យលាភីរៀងៗខ្លួន ក្នុងគោលដៅឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះរៀបចំឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាអំឡុងខែឧសភាខាងមុខនេះ ។
សូមជម្រាប់ថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ មានក្លិបមកពីសមាគម រាជធានីខេត្ត ១៥ចូលរួម ក្នុងនោះចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៥ ប្រាក់១ សរុប៦គ្រឿង លេខ២ អគ្គស្នងការរដ្ឋាននគរបាលជាតិ ដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១ សរុប៦គ្រឿង លេខ៣ ក្លិបតេក្វាន់ដូមិត្តភាព ទទួលបានមេដាយមាស២ និងសំរឹទ្ធ២ សរុប៤គ្រឿង លេខ៤ ក្លិបតេក្វាន់ដូ ពិភពថ្មី ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង ។