អត្តពលិកមកពី៤ប្រទេសចូលរួម ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ នៅកម្ពុជា
ភ្នំពេញ៖ អត្តពលិក ដែលបានហ្វឹកហាត់ក្បាច់គុនបុរាណរបស់ខ្មែរមកពី៤ប្រទេសក្នុងតំបន់ ចូលរួមការប្រកួត កីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា ។ ដែលបានធ្វើពិធីបើកការប្រកួតជាផ្លូវការ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសនោះឯកឧត្ដម ច័ន្ទ សារុន បានមានប្រសាសន៍ថា គុនល្បុក្កតោ ជាប្រភេទកីឡាដ៏ចំណាស់មួយរបស់ខ្មែរ ដែលពេលនេះ បាននឹងកំពុងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទ ដែលអាចឱ្យមនុស្សទាំងអស់ បានចូលរួមហាត់ និងប្រកួត ទាំងកម្រិតថ្នាក់ក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្ដមបានបន្ថែមថា វាជាលើកទី១ហើយ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាលើកទី១ផងដែរ ដែលគុនល្បុក្កតោ បានរៀបចំការប្រកួតកម្រិតក្នុងតំបន់គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ។ យ៉ាងណាបើទោះបីជា ការរៀបចំការប្រកួតនេះ ជាលើកទី១ តែសម្រាប់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំប្រកួត ឱ្យមានដំណើរការរលូន និងជាពិសេស គឺការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ សម្រាប់ប្រទេស ដែលជាសមាជិករបស់គុនល្បុក្កតោ។ប្រធានសហហព័ន្ធដដែលនេះ បានឱ្យដឹងទៀតថា កម្ពុជាមានការជឿជាក់ថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះ គ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយប្រាកដណាស់ ដោយមានការចូលរួមដោយស្មោះសរ ពីបណ្ដាប្រទេសជាសមាជិក រួមជាមួយកម្ពុជា នឹងជំរុញប្រភេទកីឡាមួយនេះ ឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងឆាកជាតិ និងឆាកអន្តរជាតិ។
សូមជម្រាប់ថា សម្រាប់ការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ គឺរៀបចំឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រទេសចូលរួមប្រកួតប្រជែងចំនួន៤ គឺ មានវៀតណាម, ឡាវ ហ្វីលីពីន និង កម្ពុជាជាម្ចាស់ផ្ទះ៕
ប្រភពរូបភាព ៖ cambodia2023