វត្ថុអនុស្សាវរីយ៍ស៊ីហ្គេម ជាច្រើនត្រូវបានចែកជូនកុមារនិងចាស់ៗនៅអង្គការមូលនិធិកុមារកម្ពុជា

Detail Top Banner

ក្រោយការបញ្ចប់តួនាទីរបស់ខ្លួនជាទីភ្នាក់ងារធ្វើទីផ្សារនិងចលនូបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការលក់វត្ថុអនុស្សាវរីយ៍ស៊ីហ្គេមប្រកបដោយជោគជ័យដោយមានប្រជាជនគាំទ្រទិញរាប់លាននាក់ ក្រុមហ៊ុន Pathmazing បានបរិច្ចាគវត្ថុអនុស្សាវរីយ៍ដែលបានបម្រុងទុកពិសេស ចំនួនពីររថយន្តដល់មូលនិធិកុមារកម្ពុជា (CCF) ។
អ្នកទទួលអំណោយ រួមមាន កុមារប្រមាណ ១៨០០នាក់ ចាស់ៗចំនួន ៩២នាក់ ដែលកំពុងចូលរួមក្នុងកម្មវិធី Granny របស់ CCF ព្រមទាំងលោកគ្រូអ្នកគ្រូនិងបុគ្គលិករបស់ CCF ចំនួន៤០០នាក់ ។ កុមារទាំងអស់ទទួលបានតុក្កតា បូរី ឬ រំដួល មួយឈុត, ស្ទីកឃើ, ផ្លិតកម្ពុជា២០២៣, ប៉េងប៉ោងអបអរសាទរ និងទង់ជាតិ ចំណែកឯចាស់ៗវិញបានទទួលកាបូបសាច់កំណាត់ កែវទឹក ក្រមា និងផ្លិត ដែលមាន
សរសេរពាក្យ Cambodia 2023 ។


ជាសរុប ក្រុមហ៊ុន ខាងលើ បានបរិច្ចាគវត្ថុអនុស្សាវរីយ៍គិតជាទឹកប្រាក់ជាង ៥០០០០ដុល្លារដល់ អង្គការ CCF ។ការផ្តល់ជូននេះគឺសម្រាប់អ្នកដែលមិនមានលទ្ធភាពចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះនូវឱកាសមួយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្រ្តទាំងនេះ ។


លោក Steven Path នាយកប្រតិបត្តិ Pathmazaing បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារ
ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺជាឱកាសជាប្រវត្តិសាស្ត្រលើកដំបូងបំផុតរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំបែបនេះ ប្រជាជនកម្ពុជាគ្រប់រូបគួរតែរីករាយអបអរសាទរចំពោះព្រឹត្តិការណ៍ទាំងនេះ ។ហើយគំនិតនេះមួយត្រូវបានឆ្លុះបញ្ចាំងតាមរយៈយុទ្ធនាការលក់វត្ថុអនុស្សាវរីយ៍សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម» ដែលយុទ្ធនាការនេះ មានឈ្មោះថា “Own a piece of History” ។
លោក Steven Path បានបន្ថែមថា «ទោះជាយ៉ាងនេះក្តី ដូចទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនដែរ មិនមែនប្រជាជនគ្រប់រូបសុទ្ធតែទទួលបានវត្ថុអនុស្សាវរីយ៍ស៊ីហ្គេមទាំងនេះនោះទេ ដោយសារអ្នកខ្លះមិនមានពេលមកទិញ ឬខ្លះមិនមានថវិកា ។ ដើម្បីជាការអរគុណដល់សហគមន៍កម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមធ្វើជាម្ចាស់ផ្ទះដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ Pathmazing ធ្វើអំណោយទាំងនេះដើម្បីផ្តល់ត្រឡប់ទៅដល់សហគមន៍វិញ !»។


ពាក់ព័ន្ធនឹងអំណោយនេះ លោក Scott Neeson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ «យើងសូមអរគុណជាខ្លាំងដល់លោក Steven និងក្រុមការងារមកពីក្រុមហ៊ុន Pathmazing របស់លោក ។ ក្មេងៗបានទស្សនានិងរីករាយជាមួយព្រឹត្តិការណ៍ស៊ីហ្គេម ហើយវត្ថុអនុស្សាវរីយ៍ទាំងនេះមានអត្ថន័យណាស់ចំពោះពួកគេ ។»
Pathmazing គឺជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីកុំព្យូទ័រឈានមុខគេមួយនៅកម្ពុជា ដែលធ្វើការជាមួយទាំងដៃគូក្នុងស្រុកនិងក្រៅស្រុកមកពីជុំវិញពិភពលោក ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលសិទ្ធិធ្វើជាទីភ្នាក់ងារផ្ដាច់មុខលើការងារទីផ្សារនិងចលនូបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលខុសត្រូវលើការអភិវឌ្ឍនិងដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍កីឡា ការអភិវឌ្ឍនិងគ្រប់គ្រងប្រព័ន្ធសំបុត្រ ការចរចា សម្របសម្រួល និងកៀរគរវិភាគទានឧបត្ថម្ភ និងការផលិតសម្ភារៈផ្សព្វផ្សាយទីផ្សារកម្ពុជា ឆ្នាំ២០២៣ និងផលិតនិងចែកចាយវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រនេះ ៕

You might also like