បើកការប្រកួតប្រដាល់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ជាផ្លូវការ

Detail Top Banner

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ អនុប្រធានទី១ រួមជាមួយឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងអភិបាលខេត្ត និងមានការចូលរួមពីកីឡាករ កីឡាការិនី ប្រតិភូដឹកនាំ បងប្អូនប្រជាពលរដ្ឋនៅស្រុកឧដុង្គង និងកំពង់ឆ្នាំងយ៉ាងច្រើនកុះករ ។

ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជម្រាបជូនពីរបាយការណ៍បច្ចេកទស ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានកីឡាករ កីឡាការិនីសរុបចំនួន ១៤៨នាក់ ដែលត្រូវប្រកួតប្រជែងលើវិញ្ញាសាសរុបចំនួន១៨។ ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ រយៈពេល៤ថ្ងៃនេះ ដោយមានសមាគមកីឡា ក្រសួង រាជធានីខេត្ត ចូលរួមសរុបចំនួន១៥ និងមានកីឡាករ កីឡាការិនី ១៤៨នាក់ (នារី២៩នាក់) ប្រតិភូ គ្រូបង្វឹក ៣០នាក់ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ៨៨នាក់ សរុបរួមចំនួន ២៦៥នាក់។បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅមានការកើនឡើងទាំងសមាគម និងកីឡាករ កីឡាការិនីជាពិសេសកីឡាការិនីតែម្តង។

សម្រាប់វិញ្ញាសា ដែលត្រូវរៀបចំប្រកួតសរុបមានចំនួន ១៨ រួមមាន៖ ប្រយុទ្ធផ្នែកនារី មាន ៥ប្រភេទទម្ងន់ គឺទម្ងន់៤៨ គ.ក្រ, ៥១គ.ក្រ, ៥៤គ.ក្រ, ៥៧គ.ក្រ, ៦០គ.ក្រ។ ប្រយុទ្ធផ្នែកបុរស មាន១១ប្រភេទទម្ងន់ គឺទម្ងន់៤៥គ.ក្រ, ៤៨គ.ក្រ, ៥១គ.ក្រ, ៥៤គ.ក្រ, ៥៧គ.ក្រ ៦០គ.ក្រ, ៦៣,៥គ.ក្រ, ៦៧គ.ក្រ, ៧១គ.ក្រ, ៧៥គ.ក្រ, ទម្ងន់៨១គ.ក្រ និងវិញ្ញាសាថ្វាយបង្គំគ្រូ បុរស-នារី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន គូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ រយៈពេល៤ថ្ងៃនេះ គឺជាការលើកកម្ពស់នូវកេរ្តិ៍មរតក និងអត្តសញ្ញាណជាតិផង និងការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេស កម្លាំងអំណត់ និងបទពិសោធន៍ ដែលកីឡាករកីឡាការិនីម្នាក់ៗបានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ព្រឹត្តិការណ៍នេះក៏ជាការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសក្តានុពលហ្វឹកហាត់ត្រៀមលក្ខណៈទៅចូលរួម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេស ថៃផងដែរ។

គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះត្រូវបានដំឡើងប្រាក់រង្វាន់លើកទឹកចិត្ត ដោយក្នុងជ័យលាភីមេដាយមាស១គ្រឿងទទួលបានទឹកប្រាក់ចំនួន ៤លានរៀល ដោយនេះគឺជាការបង្កើនគុណភាពនៃវិស័យកីឡាប្រដាល់គុនខ្មែរឱ្យរីកចម្រើនបន្ថែមទៀត ក្នុងការផលិតធនធានប្រកបដោយគុណភាព សម្រាប់ក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខ៕

You might also like