សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ពោធ ដាក់ឱ្យប្រើប្រាសជាផ្លូវការ

Detail Top Banner

(ភ្នំពេញ)៖ សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ បានជួសជុលថ្មីទាំងស្រុង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ពីសំណាក់នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។


ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ បានបង្ហាញជំនឿយ៉ាងមុតមាំថា សមិទ្ធផលសាលកីឡាថ្មីដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍រចនាសម្ព័ន្ធទាំងផ្នែកធន់-រឹង ពិសេសលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យកីឡាគុនខ្មែរ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងមានការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយអភិវឌ្ឍន៍ប្រដាល់គុនខ្មែរ កាន់តែល្បីល្បាញលើឆាកអន្តរជាតិ នាពេលអនាគត។
មួយវិញទៀត សមិទ្ធផលនេះបានបញ្ជាក់ពីគោលជំហររបស់ក្រសួងការពារជាតិ ក្នុងការជម្រុញគាំទ្រអភិវឌ្ឍន៍វិស័យកីឡា ក្នុងកងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពល និងទស្សនវិស័យទំនើប ជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។


យោងតាមរបាយការណ៍ ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានបញ្ជាក់ថា សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ បានដំណើរការជួសជុល និងសាងសង់ឡើងវិញ កាលពីចុងឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភគាំទ្រថវិការបស់ ក្រសួងការពារប្រទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្រៅពីនោះ មជ្ឈមណ្ឌលកីឡា ខ.ភ.ម ក៏បាននឹងកំពុងបន្ដយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត រួមមានកន្លែងអង្គុយទស្សនាបាល់ទាត់ សាលរដ្ឋបាល ចំណតរថយន្ត ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់រួមចំណែកដល់ការហ្វឹកហាត់ ការប្រកួត ពិសេសលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡា ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកមុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិបន្ថែមទៀត។


គួរដឹងថា កន្លងមកមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ហើយដណ្ដើមបានមេដាយ និងពានជាច្រើនជូនជាតិមាតុភូមិ ពិសេសអំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមអត្តពលិក នៃមជ្ឈមណ្ដលកីឡា ខ.ភ.ម បានឈ្នះមេដាយសរុបចំនួន ១១១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៥ និងសំរឹទ្ធ ៥៣គ្រឿងផងដែរ៕

You might also like