អាណត្តិទី២ទូកក្តោងប្តេជ្ញាបង្កើតសក្តានុពលដើម្បីប្រជែងបានមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៣
សម្រាប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប្តេជ្ញាបង្កើនសក្តានុពលជាងអាត្តិទី១ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការរដ្ឋាភិបាល គឺការឈ្នះមេដាយជូនកម្ពុជា នាស៊ីហ្គេម ឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះបើយោងតាម ការលើកឡើងរបស់ អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា -លោក សោម សុទ្ធរិទ្ធិពង្ស ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ បន្តអាណត្តិទី២ឆ្នាំ២០១៩-២០២៣ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
អគ្គលេខាធិការ ខាងលើ អះអាងថា អាណត្តិថ្មីនេះ សហព័ន្ធដាក់ទិសដៅ ត្រូវបង្កើនការហ្វឹកហាត់ និងបណ្ដុះបណ្ដាលប្រចាំឆ្នាំ ពិសេស រកដៃគូឧបត្ថម្ភ ដើម្បីបង្កើនចំនួនការប្រកួតក្នុងស្រុក។ ខិតខំស្វែងរកកីឡាករ-ការិនី ដែលមានសមត្ថភាព ដើម្បីឲ្យក្លាយជាក្រុមជម្រើសជាតិ។ បន្ត និង បង្កើនការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស។ បង្កើនឲ្យមានក្លិបសមាគមបន្ថែមតាម ក្រសួង និងរាជធានី ខេត្ត ព្រមទាំងរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករបន្ថែម ដើម្បីមានធនធានក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ និងដណ្តើមមេដាយជូនកម្ពុជា។
សូមបញ្ជាក់ថា អាណត្តិទី២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា មាន៥ឆ្នាំ (២០១៩-២០២៣) មានសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធចំនួន០៩រូប ដែលមាន ៖ ១-លោក ថាង ហ្គោដិន ប្រធាន ២-លោក ថោង រដ្ឋសក្តិ អនុប្រធាន៣-លោក វ៉ាត់ ចំរើន អនុប្រធាន៤-លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ៥-កញ្ញា ងួន តរុណី អគ្គហេរញ្ញិក៦-លោក ឡុង សុខា សមាជិក៧-លោក វ៉េត យុវមនាថ សមាជិក៨-លោកស្រី ទិព្វ ច័ន្ទវត្តី សមាជិក ៩-លោក លឹម ច័ន្ទណារ៉េត សមាជិក ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានទី២ ។
គួររំលឹកថា ចាប់តាំងពីបង្កើតមក សហព័ន្ធបានរៀបចំការប្រកួត ក្នុងប្រទេស គឺរៀបចំការប្រកួតក្នុងសហព័ន្ធ លើកទី១ នៅឆ្នាំ២០១៧ ខេត្តកែប រៀបចំការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅខេត្តកោះកុង និង រៀបចំការប្រកួតក្នុងសហព័ន្ធ ដើម្បីពង្រឹងលក្ខណៈបច្ចេកទេស និងផ្តោតលើការការពារ ថែរក្សា បរិស្ថាន នៅឆ្នាំ១០១៩។ ចំពោះសកម្មភាពប្រកួតអន្តរជាតិនៅក្រៅប្រទេសវិញ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាលើដំបូងនៅឆ្នាំ ២០១៧ រហូតដល់បញ្ចប់អាណត្តិទី១ នៅឆ្នាំ២០១៩ របស់សហព័ន្ធ ចំនួន២១ លើក ដោយទទួល បាន មេដាយសរុបចំនួន ១១ គ្រឿង ក្នុងនោះ មេដាយមាស០១គ្រឿង មេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធិ០៩គ្រឿង៕