ព្រឹត្តិការណ៍ប្រកួតបាល់ទះ Special Volleyball Challenge 2021 នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះហើយ
បើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការរៀបចំការប្រកួតបាល់ទះ Special Volleyball Challenge 2021 ដែលក្រុមការងារយើងទទួលបាន នៅថ្ងៃទី១៧ ខែកញ្ញានេះ បានប្រកាសជូនដំណឹងថា គណៈកម្មាការបានរៀបចំព្រឹត្តិការណ៍បាល់ទះ ក្នុងសាល វិញ្ញាសា ៤ទល់៤ ដែលមានឈ្មោះថា Special Volleyball Challenge នឹងគ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋានព្រីនស៍ ស្ថិតនៅហ្គ្រែនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ការប្រកួតនេះរៀបចំឡើង ក្នុងគោលបំណងដកស្រង់បទពិសោធន៍បច្ចេកទេសថ្មីៗ និងផ្តល់ឱកាសដល់កីឡាករបានបញ្ចេញសមត្ថភាព ដែលបានហ្វឹកហាត់កន្លងមក ព្រមទាំងបំផុសឲ្យមហាជន ចាប់អារម្មណ៍ និងចូលរួមគាំទ្រវិស័យបាល់ទះ ។ បន្ថែមពីនេះទៀត គណៈកម្មាការរៀបចំ សង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកទឹកចិត្តដល់កីឡាករ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងកីឡាករគ្រូបង្វឹក ថ្នាក់ដឹកនាំមកពីក្លិបផ្សេងៗគ្នាឲ្យបានតែស្អិតរមួតឡើង ។
អាស្រ័យហេតុនេះ សូមក្លិបសមាគមដែលមានបំណងដាក់ពាក្យចូលរួមប្រកួតសូមដាក់ពាក្យស្នើរសុំចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ទើបបិទបញ្ចប់ការទទួលពាក្យ ។ សម្រាប់ព័ត៌មានបន្ថែម សូមអានបទបញ្ជាការប្រកួត និងសេចក្តីណែនាំផ្សេងៗ ដែលបានផ្សាយ ក្នុងផេកផ្លូវការរបស់គណៈកម្មាការរៀបចំការប្រកួតបាល់ទះ Special Volleyball Challenge ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៨ ២២៩ ១៩២/ ០៩២៥៨០ ២០១ មានតេក្រាម ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទះ Special Volleyball Challenge 2021 គណៈកម្មាការរៀបចំជ្រើសរើសយក១២ក្រុមចូលរួមប្រកួត ។ រីឯប្រាក់រង្វាន់ជើងឯកទទួលបានពានមួយ ថវិកា១០លានរៀល លេខ២ ៨លានរៀល និងលេខ៣ ៦លានរៀល រួមទាំងពានរង្វាន់ជាច្រើនទៀត ៕