ការប្រកួតប្រដាល់សកលដណ្តើមប្រាក់លាន សប្តាហ៍ទី៤ នៃកម្មវិធី ULTIMETE BOXING CHAMPIONSHIP នឹងកាន់តែកក្រើក
កម្មវិធី ULTIMETE BOXING CHAMPIONSHIP 2021 ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងគុណភាព និងបច្ចេកទេសកីឡាករកីឡាការិនី ឆ្ពោះទៅប្រជែងដណ្តើមមេដាយ កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតនានា លើឆាកអន្តរជាតិ នឹងដំណើរការប្រកួតសប្តាហ៍ទី៤ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយដ្ឋានអង្គរក្ស។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា សម្រាប់ការរៀបចំសប្តាហ៍ទី៤នេះ អាចនឹងកក្រើកជាងសប្តាហ៍ទី១ និងទី២ និងទី៣កន្លងទៅ ព្រោះសប្តាហ៍ទី៤យើងបានដាក់គូដណ្តើមប្រាក់លានរហូតដល់ទៅ២គូ និង គូខ្លាំងជាច្រើនអមជាមួយគូប្រាក់លានផងដែរ។
លោក អះអាងថា គូដណ្តើមប្រាក់លានទាំងគូនេះ មានសមាសភាពដូចជា ម៉ាង ព្រហ្មម៉ាញ ជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រកួតជាមួយ ទូច ដេវី ជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងប្រភេទទម្ងន់៦៣.៥០០គីឡូក្រាម។ កីឡាករ វី សុភ័ស ជម្រើសជាតិកម្ពុជា ប្រកួតជាមួយ កីឡាករ សែត សារឹតមកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់៦៣.៥០០គីឡូក្រាម ។ខណៈដែល៤គូផ្សេងទៀតមិនមែនជាគូដណ្តើមប្រាក់លាននោះ កីឡាករ លី វិបុលប៊ុនហួ ក្លិបប្រដាល់មីស្ទឺលីខេត្តសៀមរាប ប្រកួតជាមួយ កីឡាករ សយ ស៊ីថេង ក្លិបឃ្លាំងមឿងខេត្តពោធិសាត ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។កីឡាករ លី វិបុលចំរើន មកពីក្លិបប្រដាល់មីស្ទឺលីខេត្តសៀមរាប ប្រកួតជាមួយ កីឡាករ ឆន ឈៀងវ៉ាន់ ក្លិបប្រដាល់កេងកងមានរិទ្ធខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករ ឌុន សំណាង ក្លិបប្រដាល់អប់រំកាយ និងកីឡាខេត្តកំពត ប្រកួតជាមួយ កីឡាករ ញឹក ឈៀង មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម។ កីឡាករ ថា រីវ៉ា មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតជាមួយ កីឡាករ អំ ខេម មកពីជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម៕