ក្រុមជម្រើសជាតិបាល់ទាត់ U23 កម្ពុជា និងត្រូវប៉ះម្ចាស់ផ្ទះជប៉ុន ម៉ោង១១ព្រឹកនេះហើយ

Detail Top Banner

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបញ្ចប់ពូល K ដោយជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុននាវេលាម៉ោង ១១ព្រឹកនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022។

គួរដឹងថា នេះគឺជាការប្រកួតបញ្ចប់ពូល K របស់ U23 កម្ពុជា ក្រោយលត់ក្រុម U23 ហុងកុង ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯក្រុម U23 ជប៉ុន ទើបប្រកួតលើកដំបូង មុនពួកគេប្រកួតបញ្ចប់ពូលជាមួយហុងកុង នាថ្ងៃទី២៨ ខែតុលា។ ការប្រកួតនេះ កម្ពុជាត្រូវការពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ពោលបើសិនកម្ពុជាឈ្នះ កម្ពុជានឹងឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើស្មើ កម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួត រវាងជប៉ុន និងហុងកុង ក៏ដូចជាលទ្ធផលពូលផ្សេងៗទៀត។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជាស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុមនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕

ប្រភពរូបភាព ៖ សហព័ន្ធបាល់ទាត់ជាតិកម្ពុជា

You might also like