កីឡាការិនី ឃឺន ច័ន្ទចរិយា ត្រូវបានវាយតម្លៃជាកីឡាការិនីលេចធ្លោជាងគេក្នុងការប្រកួតជ្រើសរើសជើងឯកហែលទឹកទីឆ្ងាយ ឆ្នាំ២០២១

Detail Top Banner

កីឡាការិនី ឃឺន ចរិយ៉ា ត្រូវបានអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី វាយតម្លៃថា ជាកីឡាការិនីអភិវឌ្ឍសមត្ថភាពល្អជាងគេ ក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកទីឆ្ងាយ ឆ្នាំ២០២១ ដែលដំណើរការប្រកួតកាលពីថ្ងៃ អាទិត្យទី៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានមរតកតេជោ។
លោក ហែម គិរី ពន្យល់ថា ឃឺន ច័ន្ទចរិយ៉ា នាងមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ នាងត្រូវបានសហព័ន្ធជ្រើសរើសជាកីឡាការិនីជម្រើសជាតិក្នុងឆ្នាំ២០១៩ អាយុ១០ឆ្នាំ ។

ក្នុងរយៈពេលជាង២ឆ្នាំចាប់ពី២០១៩ដល់ចុងឆ្នាំ២០២១នេះ កីឡាការិនី ឃឺន ចរិយ៉ា មានការវិវឌ្ឍសមត្ថភាពរីកចំរើនគួរកត់សម្គាល់ ដោយក្នុងការប្រកួតជ្រើសរើសជើងឯក ហែលទឹកទីឆ្ងាយ ឆ្នាំ២០២១ លើវិញ្ញាសាហែល៣០០០ម៉ែត្រ នាងបានដណ្តើមបានចំណាត់ថ្នាក់លេខ១ យកឈ្នះសិស្សច្បង កីឡាការិនី កាំង មួយនីន និង កីឡាការិនី សុខ វរលក្ខ័ណ៍ ដែលជាកីឡាការិនីឆ្នើមរបស់សហព័ន្ធ។
លោក អះអាងថា សម្រាប់វិញ្ញាសាបុរសហែល៥០០០ម៉ែត្រវីញ កីឡាករ ឌឿន រ៉ាត់ធីឌុន ក៏ជាកីឡាករវ័យក្មេងលេចធ្លោជាងគេទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះមានលទ្ធភាពប្រជែងឈ្នះ កីឡាករ ហែម ប៉ុច កីឡាករហែលទឹកឆ្នើមកម្ពុជា ។
លោក បញ្ជាក់ទៀតថា សម្រាប់ការប្រកួតទីឆ្ងាយដែលសហព័ន្ធរៀបចំនេះ កីឡាករកីឡាការិនីជម្រើសជាតិទាំងអស់ គឺបានហែលដល់ទីទាំងអស់ពុំមានការបោះបង់នោះទេ នេះជាមោទនភាពរបស់គណៈកម្មការបច្ចេកទេស គ្រូបង្វឹក និងពីក្រសួងអប់រំយុវជន និងកីឡា ដោយសាការយកចិត្តទុកដាក់ទាំងអស់នេះហើយ ទើបកីឡាករកីឡាការិនីទោះជួបឧបសគ្គជំងឺកូវីដ១៩ ក៏នៅតែមានសមត្ថភាពរីកចំរើន។ សម្រាប់លទ្ធផល ការប្រកួតជ្រើសរើសជើងឯកហែលទឹកទីឆ្ងាយឆ្នាំ២០២១នេះ ផ្នែកបុរស វិញ្ញាសាហែល៥០០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឌឿន រ៉ាត់ធីឌុន ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ហែម ប៉ុច និង ចំណាត់ថ្នាក់ លេខ៣ បានទៅលើកីឡារ ទួន ទិត្យសត្យា។ វិញ្ញាសានារី ហែល៣០០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាការិនី ឃឺន ច័ន្ទចរិយ៉ា ចំណាត់លេខ២ បានទៅកីឡាការិនី កាំង មួយនីន និង ចំណាត់លេខ៣បានទៅលើ កីឡាការិនី សុខ វរលក្ខ័ណ៍៕

 

You might also like