សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសរៀបចំការប្រកួតដល់មន្រ្តីរបស់ខ្លួន

Detail Top Banner

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជាលោក ងន់ សុបញ្ញា បានអោយដឹងនៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះថា សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត ជូនដល់មន្ត្រីបច្ចេកទេស លោកគ្រូអ្នកគ្រូនៅប្រចាំខេត្តកែប និងកីឡាករកីឡាការិនី នៅខេត្តកែបរយៈពេល៥ ដើម្បីបង្កើនពុទ្ធិបន្ថែម ឈានទៅរៀបចំការប្រកួតឲ្យក្លាយជាកម្រិតស្តង់ដាអន្តរជាតិ។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្តរជាតិចំនួន២រូប តាមប្រព័ន្ធបច្ចេកវិជ្ជាZOOM។


លោក អះអាងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គទី២ហើយ ដែលសហព័ន្ធបានរៀបចំក្នុងគោលបំណងជម្រុញសមត្ថភាពមន្រ្តីបច្ចេកទេសរៀបចំការប្រកួតទទួលបានចំណេះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតស្តង់ដាអន្តរជាតិស្របតាមស្តង់ដាកំណត់របស់សហព័ន្ធទ្រីអាត្លុងអន្តរជាតិ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាមន្ត្រីជំនាញត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក អគ្គលេខាធិការ ខាងលើ ពន្យល់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយឲ្យសិក្ខាកាមទទួលជំនាញរៀបចំការប្រកួតប្រកបដោយស្តង់ដាអន្តរជាតិ ប៉ុណ្ណោះទេ ពោលជួយឲ្យកីឡាករកីឡាការិនីជម្រើសជាតិស្គាល់ច្បាប់នៃការប្រកួតរបស់អន្តរជាតិទៀតផង។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះកីឡាករកីឡាការិនីជម្រើសជាតិកីឡាទ្រីអាត្លុងចូលរួមចំនួន១៤នាក់ និងលោកគ្រូអ្នកគ្រនៅខេត្តកែបចំនួន១១នាក់ សិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២១។

គួររំលឹកថា វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី២ ដោយលើកទី១រៀបចំក្នុងឆ្នាំ២០១៧ ចំពោះ អត្ថប្រយោជន៍នៃវគ្គនេះ ជួយឲ្យមន្រ្តីបច្ចេកទេសរៀបចំការប្រកួតប្រកបដោយស្តង់ដាអន្តរជាតិ ហើយ មន្ត្រីបច្ចេកទេសដែលឆ្លងកាត់សិក្សាមួយនេះ អាចមានសមត្ថភាពធ្វើជាមន្រ្តីរៀបចំការប្រកួតនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

You might also like