ក្រុមគោព្រៃកម្ពុជា បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួត AFF Suzuki Cup នៅប្រទេសសិង្ហបុរី
រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចេញដំណើរហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីក្រុមកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ ក្នុងស្រុកបាន១សប្តាហ៍កន្លងមក។ ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 វគ្គចែកពូលនេះ មាន១០ក្រុម និងបែងចែកជាពីរពូលAដោយពូលA រួមមាន៖ ម្ចាស់ផ្ទះសិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ហ៊្វីលីពីន និងក្រុមទីម័រខាងកើត ខណៈពូល B មានដូចជា ក្រុមកម្ពុជា, ម៉ាឡេស៊ី,ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០១៨។ សម្រាប់៤ប្រកួតរបស់កម្ពុជា គឺត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១, ប៉ះជាមួយក្រុមឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែធ្នូ, បន្តប៉ះជាមួយក្រុមឡាវ នាថ្ងៃទី១៥ ខែធ្នូ និង១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូលB គឺប៉ះជាមួយក្រុមវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបញ្ជាក់ថា នៅក្នុងការហ្វឹកហាត់ក្នុងស្រុកគឺកីឡាករទាំងអស់បានព្យាយាមធ្វើបានល្អ ហើយយើងនឹងបន្តហ្វឹកហាត់ដោយផ្ទាល់ជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀត នៅទៅដល់ប្រទេសសិង្ហបុរី។ «នៅក្នុងរយៈពេល៤ថ្ងៃ មុនជំនួបបើកឆាករបស់កម្ពុជាជាមួយ ម៉ាឡេស៊ី យើងនឹងព្យាយាមធ្វើឲ្យបានល្អទៅតាមស្ថានភាពជាក់ស្តែង យើងនឹងរៀបចំឲ្យបានល្អសម្រាប់ការត្រៀមកម្មវិធីហ្វឹកហាត់ និងត្រៀមការប្រកួតបន្តបន្ទាប់។ ជាទូទៅ ក្រុមគ្រូបង្វឹកបានសិក្សាស្វែយល់របស់ក្រុមនានាដែលត្រូវប្រកួតជាមួយកម្ពុជា»។លោកបន្ថែមទៀតថា «គ្រូបង្វឹកទាំងអស់តែងតែប្រាថ្នាចង់បាន ក៏ដូចជាមានមហិច្ឆតា ឬឆន្ទៈជាមួយក្រុមទាំងមូល ដើម្បីទទួលបានលទ្ធផលល្អក្នុងកម្រិតណាមួយ។ សម្រាប់គូប្រជែងទាំង៤ នៅក្នុងពូល B ជាមួយក្រុមកម្ពុជា ខ្ញុំគិតថា ក្រុមទាំងអស់នោះសុទ្ធសឹងតែជាក្រុមរៀបចំខ្លួនបានល្អ និងជាក្រុមខ្លាំងៗ នៅក្នុងពូលនេះ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករានៅប្រទេសសិង្ហបុរី៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពជា (FFC)