សិក្ខាកាមដែលជាមន្រ្តីបច្ចេកទេស៣០នាក់ទទួលការបណ្តុះបណ្តាលវគ្គគណ:កម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ កម្រិតមូលដ្ឋាន
ដើម្បីបង្កើនចំណេះដឹងបន្ថែមដល់មន្រ្តីបច្ចេកទេសរៀបចំការប្រកួត ឲ្យឆ្លើយតបទៅនឹងស្តង់ដាគុណភាពខ្ពស់ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាលជូនមន្រ្តីបច្ចេកទេស ចំនួន៣០នាក់ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។
លោក ឯម ហៀង អនុប្រធានអចិន្រ្តៃយ៍ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងជាគ្រូឧទ្ទេស បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគណ:កម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ កម្រិតមូលដ្ឋាននេះ មានសិក្ខាកាមចូលរួមមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង ខេត្តបាត់ដំបង ។ លោក បញ្ជាក់ថា វគ្គសិក្សានេះ ផ្តោតសំខាន់លើគណៈកម្មការជំនាញ ត្រៀមរៀបចំការប្រកួតទាញព្រ័ត្រនានា និងថ្នាក់ជាតិ ដើម្បីឲ្យមន្រ្តីបច្ចេកទេសយើងមានជំនាញរៀបចំធ្វើយ៉ាងណាឲ្យការប្រកួតបានប្រព្រឹត្តិកាណ៍ទៅដោយរលូន និងមានគុណភាពខ្ពស់ ទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគណ:កម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ កម្រិតមូលដ្ឋានមានរយៈពេល៦ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ដោយសិក្ខាកាមទាំង៣០រូបចូលរួម ។ រីឯការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ រៀបចំរយៈពេល២ថ្ងៃ គឺចាប់ទី៥ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាល ៕