បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិនៅមណ្ឌលភ្នំពេញ
ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសៀស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នា២០២១ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញ។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវជាចំបងក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួត កីឡា ជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹក ហាត់ កាយសម្បទាមាំមួន បញ្ញាស្មារតី ឱ្យមានភាពរីកចំរើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូល រួមក្នុងការចែករំលែកបទពិសោធន៍ ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និង កីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសហគមន៍។
លោកអនុប្រធានបានបន្តថា ការប្រកួតនាឱកាសនេះ យើងនឹងជ្រើសរើសក្រុមកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងត្រៀមចូលរួមការប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកលក្ខណៈអន្តរជាតិនានា នាឆ្នាំបន្តបន្ទាប់ផងដែរ។ គណៈកម្មាធិការស្បៀស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រីកចលនាកីឡាជនបញ្ញាខ្សោយទៅតាម ខេត្ត គោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈក ម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ទើស្យាល់អូឡាំពិកភាគច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរបាយការណ៍ថា ការប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២១ ដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំសុខភាព សម្រាប់កីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា និងអាណាព្យបាល ក្នុងគោលបំណងផ្តល់ ឱកាសឱ្យ កីឡាករ កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិតនឹងធ្វើការណែនាំ អប់រំ ពីរបៀបតំហែទាំសុខភាព ក្នុងរស់នៅប្រចាំ ថ្ងៃរបស់អាណាព្យាបាល និងប្អូនៗក្មួយៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។
សូមបញ្ជាក់ថា សម្រាប់អត្តពលិកដែលបានចូលរួមមានចំនួន៧រាជធានីខេត្ត គឺរាជធានីភ្នំពេញ កណ្តាល សៀមរាប តាកែវ ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន១៨០នាក់។