សហព័ន្ធកីឡាទាញព្រ័ត្រ បានចុះអនុស្សារណយោគយល់គ្នា ជាមួយសហព័ន្ធកីឡាចំបាប់កាច់ដៃ ដើម្បីសហការរួមគ្នា

Detail Top Banner

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចុះអនុស្សារណយោគយល់គ្នា ជាមួយសហព័ន្ធកីឡាចំបាប់កាច់ដៃ ដើម្បីសហការរួមគ្នា បង្កើតព្រឹត្តិការណ៍ប្រកួត និងផលិតធនធានកីឡាករ កីឡាការិនីឆ្នើមៗ សម្រាប់កម្ពុជា ត្រៀមប្រកួតជាលក្ខណអន្តរជាតិ ពិធីនេះធ្វើឡើងក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នឹងចូលរួមអបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ជូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី២ ធ្នូឆ្នាំ២០២១ ។


លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ឲ្យដឹងថា យោងតាមកម្មវិធីប្រកួតកីឡាប្រចាំឆ្នាំ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជា។ លោកស្រីបន្ថែមថា ឆ្លងតាមការប្រកួត រយៈពេល២ថ្ងៃ នៅសាលាគរុកុសល្យ និងវិក្រឹតការ ខេត្តកណ្តាល ទទួលបានលទ្ធផលល្អ និងជោគជ័យ ។


ឯ ឧ បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំ និងការបញ្ចេញអស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនី តាមបណ្ដាសមាគមរាជធានី-ខេត្តទាំងអស់ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ទទួលលទ្ធផលជាផ្លែផ្កា ។ លទ្ធផលនៅថ្ងៃនេះ គឺបង្ហាញឲ្យឃើញពីការខិតខំហ្វឹកហាត់របស់កីឡាករ កីឡាការិនីជាប្រចាំ ប្រកបដោយការតស៊ូ ព្យាយាមគោរពវិន័យបានល្អ ស្របតាមបទបញ្ជាការប្រកួតថ្នាក់ជាតិនេះ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានប្រកាសការអបអរសាទរខួប នៃការដាក់បញ្ជូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ផងដែរ ។

ពិសេសទៀតនោះ ឯកឧត្តម បានសម្តែងនូវការអប់អរសាទរចំពោះការការចុះអនុស្សារណៈយោគយល់គ្នារវាងសហព័ន្ធទាញព្រ័ត្រ និងសហព័ន្ធកីឡាកាច់ដៃកម្ពុជា កិច្ចសហការរួមគ្នា ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតតែក្នុងការជួយជម្រុញអភិវឌ្ឍឲ្យវិស័យកីឡាទាំងពីររីកចំរើននៅកម្ពុជា និងផលិតបានធនធានឆ្នើមៗត្រៀមសម្រាប់ការប្រកួតជាលកខណៈអន្តរជាតិនៅក្រៅប្រទេស។


ឆ្លងកាត់ការប្រកួតអស់រយៈពេល២ថ្ងៃ ជាលទ្ធផលបច្ចេកទេស ជ័យលាភីលើវិញ្ញាសាទាំង២ (បុរស-នារី) នេះ រួមមាន៖ ការប្រកួតទាញព្រ័ត្រផ្នែកបុរស ៤នាក់ទល់៤នាក់ លើទម្ងន់ ៣០០គីឡូក្រាម៖ លេខ១ ក្រុមកីឡាករទាញព្រ័ត្រខេត្តកំពត, លេខ២ ខេត្តបាត់ដំបង លេខ៣ ខេត្តកណ្តាល និងលេខ៤ ស្វាយរៀង ។ ផ្នែកនារី ៤នាក់ ទល់ ៤នាក់ លើទម្ងន់ ២៥០គីឡូក្រាម៖ លេខ១ ក្រុមកីឡាការិនីកីឡាទាញព្រ័ត្រខេត្តបាត់ដំបង, លេខ២ ខេត្តស្វាយរៀង លេខ៣ ខេត្តកំពត និងលេខ៤ ក្រសួងមហាផ្ទៃ ៕

You might also like