លោក ណយ ផាណា បញ្ជាក់ថា ដើម្បីទទួលបានជោគជ័យ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ជា ពិសេស ស៊ីហ្គេម នៅកម្ពុជា យើងត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សជាមុនសិន

Detail Top Banner

ដើម្បីទទួលបានជោគជ័យ ពីព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ជាពិសេស ស៊ីហ្គេម នៅកម្ពុជា យើងត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សជាមុនសិន នេះជាការថ្លែងបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សា សាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដែលដំណើរការរយៈពេល៧ ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែធ្នូ ។


លោក ណយ ផាណា មានប្រសាសន៍ថា ផ្អែកតាមផែនការសកម្មភាព ឆ្នាំ២០២១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញ កម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយសម្ព័ន្ធ ឱ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ចំណេះ ជំនាញមួយនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងត្រៀមឆ្ពោះទៅរកឧត្តមភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ លោក អគ្គលេខាធិការរូបនេះ បន្ថែមថា វគ្គបច្ចេកទេសគ្រូជំនាញកម្រិត១ ត្រូវបានបង្រៀនដោយគ្រូឧទ្ទេស លោក ណយ ផាណា និងគ្រូជំនួយ លោក សោ សុផេង ជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ ដែលមានកម្រិតបច្ចេកទេស FIG Academy Level I and Level II in Artistic and Aerobic Gymnastics ។ លោក ណយ ផាណា បញ្ជាក់ជូនទៀតថា ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង របស់សិក្ខាកាម បានបង្ហាញឱ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងផ្ទាល់ នៃប្រភេទកីឡាកាយសម្ព័ន្ធគ្រូបង្វឹក កម្រិត១ ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវបទពិសោធន៍ល្អៗ ថ្មីៗបន្ថែមទៀត ជាពិសេសគឺបានយល់ដឹងអំពីការផ្លាស់ប្តូរច្បាប់ថ្មី ២០២១-២០២៤ ផងដែរ ។

បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈការបើកវគ្គបច្ចេកទេសគ្រូជំនាញ និងសិក្ខាសាលា ឬធ្វើការបោះជំរុំ (Training Camp) ឱ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កាន់តែមានការយល់ដឹងលើបច្ចេកទេស និងអាចលើកកម្ពស់គុណផលប្រភេទកីឡាកាយសម្ព័ន្ធ កម្ពុជា ឈានទៅរកឧត្តមភាព និងភាពជោគជ័យ ជូនប្រទេសជាតិមាតុភូមិ ជាពិសេស ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា ឆ្លងកាត់ការសិក្សារយៈពេល៧ថ្ងៃ លើទ្រឹស្តី និងការអនុវត្តជាក់ស្តែង សិក្ខាកាមទាំង២២នាក់ មាននារី ០៦នាក់ ទទួលបាននិទ្ទេសល្អ ចំនួន១០នាក់ ស្មើ៤៥,៤៥%, និទ្ទេសល្អបង្គួរ ៨នាក់ ស្មើ៣៦,៣៦% និងនិទ្ទេសមធ្យម០៤នាក់ ស្មើ១៨,១៨% ៕

You might also like