យ៉ា ថុល រ៉ាដែត ចង់ឈ្នះមេដាយបន្ថែមទៀតនៅពេលខាងមុខជូនកម្ពុជា បន្ទាប់ពីនាំយកមេដាយប្រាក់លើកដំបូងការប្រកួតកីឡាជនពិការយុវជនអាស៊ី
កីឡាករជនពិការកម្ពុជាវ័យ១៩ ថុល រ៉ាដែត បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នាល្ងាចថ្ងៃ ទី៨ ខែ ធ្នូ ឆ្នាំ២០២១ ជាមួយនិងលទ្ធផលឈ្នះបានមេដាយប្រាក់១គ្រឿងមកជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតកីឡាជនពិការយុវជនអាស៊ីអាស៊ីនៅប្រទេសប៉ារ៉ែន ។ក្នុងដំណើរវិលត្រឡប់របស់អត្តពលិកជនពិការ យ៉ា ថុល រ៉ាដែតនិង លោក យី សុភ័ក្រ្តា គណៈប្រតិភូដឹកនាំ មានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក យី សុភ័ក្រ្តា គណៈប្រតិភូដឹកនាំ និងជាគ្រូបង្វឹក បានបញ្ជាក់ថា ការប្រកួតកីឡាជនពិការយុវជអាស៊ីអាស៊ីដែលប្រទេសប៉ារ៉ែនធ្វើជាម្ចាស់ផ្ទះនេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៦ខែ ធ្នូ ឆ្នាំ២០២១ ដោយមានប្រទេសនៅក្នុងតំបន់អាស៊ីចូលរួមជាង៤៥ប្រទេស ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករជនពិការមួយរូប និងគ្រូបង្វឹកមួយរូប ដោយធ្វើការប្រកួតប្រជែងលើ៣វិញ្ញាសា គឺ ២០០ម៉ែត្រ ៤០០ម៉ែត្រ និង១៥០០ម៉ែត្រ ជាលទ្ធផល កីឡាករ ថុល រ៉ាដែត ប្រជែងដណ្តើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រ។
កីឡាករជនពិការ យ៉ា ថុល រ៉ាដែត ក្រោយប្រជែងដណ្តើមបានមេដាយប្រាក់លើកដំបូងក្នុងការប្រកួតកីឡាជនពិការយុវជនអាស៊ីមកជូនកម្ពុជា បានលើកឡើងថា ខ្លួនពិតជាមិននឹកស្មានដល់ថា មានលទ្ធភាពដណ្តើមបានមេដាយប្រាក់១គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីមួយនេះទេ ។ការឈ្នះមេដាយប្រាក់លើកដំបូងនេះ បានជម្រុញលើកទឹកចិត្តឲ្យខ្លួនកាន់តែតាំងចិត្តបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីអភិវឌ្ឍសមត្ថភាពឈានទៅដណ្តើមឲ្យបានមេដាយមាសពីការប្រកួតកម្រិតអន្តរជាតិនៅពេលខាងមុខមកជូនកម្ពុជា។
លោក ស្រី ស៊ំ វណ្ណារី ម្តាយរបស់ កីឡាករ យ៉ា ថុល រ៉ាដែត បានបង្ហាញអារម្មណ៍រីករាយ និងរំភើបខ្លាំងចំពោះការខិតខំរបស់កូនប្រុសពិការដែលប្រជែងដណ្តើមបានមេដាយប្រាក់ជូនកម្ពុជា។ លោក ស្រី បានប្រកាសជំហរថា នឹងជម្រុញលើកទឹកឲ្យកូនប្រុសខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យសមត្ថភានកាន់តែអភិវឌ្ឍឈានទៅដណ្តើមបានមេដាយមកជូនកម្ពុជាពីព្រឹត្តិការណ៍ប្រកួតអន្តរជាតិធំៗ។
ជុំវិញជ័យជំនះ យ៉ា ថុល រ៉ាដែត ឈ្នះបានមេដាយប្រាក់ ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ការឈ្នះបានមេដាយលើកដំបូងរបស់យ៉ា ថុល រ៉ាដែត ក្នុងការប្រកួតកីឡាជនពិការយុវជនអាស៊ីនេះ សរបញ្ជាក់ពីសំដីថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ហ៊ុន សែនថា ខ្មែរអាចធ្វើបាន ។ ដូច្នោះជ័យជំនះនេះជាសក្ខីភាពមួយបញ្ជាក់បានថា អត្តពលិកកម្ពុជាមានសមត្ថភាព ដោយចូលរួមលើកទី១ប្រជែងដណ្តើមបានមេដាយប្រាក់មកជូនកម្ពុជា ដោយទទួលបានការកោតសសើរពីបណ្តាប្រទេសនៅលើពិភពលោក។ ឯកឧត្តម លើកឡើងទៀតថា យើងបញ្ជូនទៅ១យើងឈ្នះបានមេដាយមួយចុះបើបញ្ជូនទៅច្រើននាក់ និងឈ្នះបានមេដាយជូនប្រទេសយ៉ាងច្រើន។
សូមបញ្ជាក់ថា ការប្រកួតកីឡាជនពិការយុវជនអាស៊ី មានជាង៤០ប្រទេសក្នុងតំបន់អាស៊ីចូលរួម ក្នុងនោះកម្ពុជាបញ្ជូនអត្តពលិក២រូបមានប្រតិភូដឹកនាំ១និងកីឡាករ១រូប ដោយប្រកួតប្រជែងលើ៣វិញ្ញាសា ហើយវិញ្ញាសាដែលដណ្តើមបានមេដាយប្រាក់ គឺវិញ្ញាសារត់ចម្ងាច១៥០០ម៉ែត្រ ដែលមានប្រទេសកម្ពុជា ឥណ្ឌា អឺរ៉ាក់ និងប្រទេសអឺរ៉ង់៕