អនុប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ W T ចាត់ទុកថា វគ្គអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ នឹងជួយអភិវឌ្ឍ ធនធាន នៅស៊ីហ្គេម ២០២៣
លោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP & ACE កម្ពុជា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ W T បានចាត់ទុកថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិនឹងអាចក្លាយខ្លួនទៅជាអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
តំណាងប្រធានសហព័ន្ធរូបនេះបានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះនឹងជួយការជួយអភិវឌ្ឍន៍ដល់វិស័យកីឡាតេក្វាន់ដូ W T នៅកម្ពុជាឲ្យរីកចម្រើនទៅមុខបន្តទៀត ។ ការរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ នាពេលនេះគោលដៅចង់ឲ្យប្អូនៗយកទៅបម្រើឲ្យការប្រកួតកីឡាតេក្វាន់ដូWT ក្នុងប្រទេស និងឆ្ពោះទៅធ្វើជាអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់កម្មវិធីប្រកួតកីឡាតេក្វាន់ដូនានា លើឆាកអន្តរជាតិ ពិសេសសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ W T បានលើកឡើងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ W T ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា A C E សាខាចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ W T រាជធានី-ខេត្ត សរុបចំនួន ២០នាក់ (ស្រី៨នាក់) ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន ៤នាក់ ស្រី ១នាក់ ខេត្តសៀមរាបចំនួន៣នាក់ ខេត្តមណ្ឌលគិរីចំនួន១នាក់ និងរាជធានីភ្នំពេញចំនួន ១២នាក់ ស្រី ០៧នាក់ ។ ឯកឧត្តមអគ្គលេខាធិការបន្តថា វគ្គនេះអាចដំណើរការទៅបានដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២១ ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗ នឹងទទួលនូវបទពិសោធន៍ជាច្រើនទៀតពីគ្រូបង្គោលជាអាជ្ញាកណ្តាលអន្តរជាតិ ក្នុងការត្រៀមខ្លួនឲ្យក្លាយជាអាជ្ញាកណ្តាលអន្តរជាតិបន្តវេនជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ ។
សូមបញ្ជាក់ថា ជាលទ្ធផលប្រឡងបញ្ចប់វគ្គ អាជ្ញាកណ្តាល-ចៅក្រមទទួលបាននិទ្ទេសល្អ ៣នាក់ស្មើ១៥% ល្អបង្គួរ ១០នាក់ (ស្រី៦នាក់) ស្មើ៥០% និងមធ្យម ៧នាក់ (ស្រីម្នាក់) ស្មើ៣៥% ។ ក្នុងឱកាសបិទវគ្គនេះក៏មានការចូលរួមពីលោក ទុយ វិច្ឆិកា ប្រធានការិយាកីឡាទំនើបតំណាងលោក ហ៊ុន សាមុត នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សុខ ធីតា តំណាងសាលា ACE សាខាចាក់អង្រែក្រោមផងដែរ ៕