អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជឿថា សិក្ខាកាម ដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមួយអ្នកព័ត៌មានជំនាញជប៉ុន នឹងក្លាយជាធនធានដ៏សំខាន់ក្នុងការផ្សព្វផ្សាយឲ្យស៊ីហ្គេម ឆ្នាំ២០២៣
វគ្គសិក្សាជម្រុញផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ស្តីអំពីតួនាទីជាអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍គ្រូជនជាតិជប៉ុន ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ីនៃមូនិធិជប៉ុន និងក្លិបអ្នកការសែតកម្ពុជាក្រោមការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលដំណើរ២វគ្គ បានបញ្ចប់ជាផ្លូវការណ៍ហើយ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមបិទ ពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម MIKAMI Masahiro មានប្រសាសន៍ថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការក្រេបជញ្ជក់ចំណេះ និងបទពិសោធន៍ពីអ្នកសារព័ត៍មានកីឡាដ៏ជំនាញរបស់ជប៉ុន ដែលបានឆ្លងកាត់បទពិសោធន៍យកព័ត៌មានព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងនោះមានទាំងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកផងដែរ។
ឯកឧត្តម អគ្គរាជទូត រំពឹងជឿជាក់ថា ឆ្លងកាត់វគ្គសិក្សាចំនួន២វគ្គខាងលើនេះ និងជួយបង្កើនចំណេះដឹងក្នុងអាជីពជាអ្នកសារព័ត៌មានកីឡាជួយផ្សព្វផ្សាយឲ្យព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ។ ឯកឧត្តម អះអាងថា គន្លឹះដែលជួយឲ្យស៊ីហ្គេមឆ្នាំ២០២៣ទទួលបានជោគជ័យ គឺស្ថិតលើការជួយផ្សព្វផ្សាយពីសារព័ត៌មាន មានន័យថា អ្នកសារព័ត៌មានកីឡាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ គឺមានតួនាទីផ្សព្វផ្សាយបំផុសសកម្មភាពទៅកាន់ពិភពលោក។
ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា ក្នុងសម័យកាលកីឡាទំនើប និងចលនាអូឡាំពិកទំនើបគេបានចាត់ទុកសារព័ត៌មានកីឡាជាដៃគូជំរុញការអភិវឌ្ឍចលនាកីឡាអូឡាំពិក និងចលនាកីឡាជាតិដែលមិនអាចខ្វះបាន។ ឯកឧត្តម ប្រធានបានលើកឡើងទៀតថា សម័យបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមបានគ្រប់ដណ្តប់រាល់សកម្មភាពកីឡាក្នុងនោះមានទាំងការប្រកួតកីឡាកម្រិតជាតិនិងអន្តរជាតិ ធ្វើឲ្យការផ្សព្វផ្សាយលឿននិងមានគុណខ្ពស់ទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនកុះករ។ ឯកឧត្តម បញ្ជាក់ទៀតថា វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា ដើម្បីរួមចំណែកជួយផ្សព្វផ្សាយដល់សារធារណៈជនប្រកដដោយគុណភាណកីឡាពិតប្រកដ។
ឯកឧត្តម បន្ថែមទៀតថា ការរីកចំរើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័សបែបនេះ ក៏បានជះឥទ្ធិផលមួយចំនួនប្រសិនបើធនធានមនុស្សក្នុងវិស័យកីឡាដើរមិនទាន់សភាពការមិនធ្វើទំនើបកម្ម និងស្វែងរកជំនាញកីឡាឲ្យទាន់ពេលវេលា ពិសេស អ្នកសារព័ត៌មានដែលគ្នានវិជ្ជាជីវៈ ដូចនេះមានតែការបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ជំនាញអ្នកសារព័ត៌មានកីឡាទើបជួយអប់រំកីឡាឆ្ពោះទៅរកការជោគជ័យទាំងអស់គ្នា។ជាមួយគ្នានេះដែរ ឯកឧត្តម ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប បានអំពាវនាវឲ្យអ្នកសារព័ត៌មានកីឡាកម្ពុជាបន្តសិក្សាស្វែងយល់ និងចូលរួមវគ្គបណ្តាលជំនាញបច្ចេកទេសកីឡា ទ្រឹស្តីកីឡា រដ្ឋបាលកីឡា បទបញ្ញតិកីឡា និងយល់ដឹងឲ្យកាន់តែច្បាស់ការលេងកីឡាដោយយុត្តិធម៍ និងក្រមសិល៍ធម៍កីឡា៕