ប្រធានសហព័ន្ធសីដក់វាយតម្លៃខ្ពស់ចំពោះវគ្គអាជ្ញាកណ្តាល-ចៅក្រមសីដក់ ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់
និងឈិនឡូនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងរៀបចំវគ្គបណ្តុះបណ្តុះបណ្តាល ក៏ដូចជាសិក្ខកាម ដែលជាមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដែលចូលរួមខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអភិវឌ្ឍវិស័យកីឡាសីដក់និងឈិនឡូនកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមប្រធានសហព័ន្ធចាត់ទុកថា វគ្គបណ្តុះបណ្តាល ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺជាសមិទ្ធផលថ្មី១ចុងក្រោយ ប្រចាំឆ្នាំ២០២១នេះ។
ឯកឧត្តមបន្ថែមថា ការអភិវឌ្ឍកម្រិតសមត្ថភាពឲ្យកាន់តែខ្ពស់បាន គឺត្រូវតែសិក្សាលើទ្រឹស្តីហើយត្រូវភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។ ឯកឧត្តមបណ្ឌិត មាស សារិន គូសបញ្ជាក់ថា មុនការប្រកួតនានា សហព័ន្ធតែងតែបើកវគ្គបណ្តុះបណ្តាលជាមុនសិន ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែម។ នៅពេលខាងមុខឆាប់ៗនេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជានឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ប្រចាំឆ្នាំ២០២១ នៅខេត្តកណ្តាល។
លោក ទី លីឈ័ង អគ្គលេខាធិការរង សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់ថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងដោយ មានការអនុញ្ញាតជាគោលការណ៍របស់ ឯកឧត្តមប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា គណៈកម្មធិការប្រតិបត្តិរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម កីឡាសីដក់ថ្នាក់ជាតិ ចាប់ពីថ្ងៃទី៥-១០ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាម ចំនួន៣១នាក់។ ចំពោះការវាយតម្លៃនៃការសិក្សារួមមាន៖ និទ្ទេសល្អណាស់ ៣២.២៥%, ល្អ ២៥.៨០%, ល្អបង្គួរ ១២.៩០% និងនិទ្ទេសមធ្យម ២៩.៣០%៕