ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលថ្មីនេះវាមិនអាចកំណត់ភាពជោគជ័យទាំ ងស្រុងបាននូវឡើយនោះទេ សំខាន់ការអនុវត្តជាក់ស្តែងធ្វើបានល្អទើបជោគជ័យក្នុងអាជីព អាជ្ញាកណ្តាល ចៅក្រម
ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា ចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកម្រិត មធ្យម រយៈពេល៤ថ្ងៃ ដែលសិក្ខាកាមបានសិក្សាជាមួយគ្រូឧទ្ទេសចំនួន៨រូប វាជាចំណេះថ្មីមួយដែលសក្ខាកាមទទួលបានពុទ្ធិបន្ថែម ប៉ុន្តែមិនទាន់អាចកំណត់ភាពជោគជ័យទាំងស្រុងបាននូវឡើយនោះទេ ពោលការកំណត់ភាពជោគជ័យបានគឺគេវាយតម្លៃទៅលើការអនុវត្តជាក់ស្តែង មានន័យថា អាជ្ញាកណ្តាល ចៅក្រមត្រូវចេះប្រើប្រាស់សមត្ថភាពដែលជាចំណេះដឹងពិតប្រកដ សម្រាប់អនុវត្តក្នុងការកាត់សេចក្តីប្រកបដោយក្រមសិល៍ធម៍វិជ្ជាជីវៈ។
ការលើកឡើងបែបនេះ ពីសំណាក់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងក្នុងពេល ឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម កម្រិតមធ្យម ដល់មន្រ្តីបច្ចេកទេសប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២១។
ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ការរៀនសូត្រក្នុងវគ្គសិក្សានេះយើងបានបញ្ចប់ហើយ ដូច្នោះយើងត្រូវត្រៀមខ្លួនបន្តទៀត ដើម្បីសិក្សាវគ្គបណ្តុះបណ្តាលកម្រិតឧត្តម ក្នុងការអភិវឌ្ឍសមត្ថភាពឈានទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។
ឯកឧត្តម បន្ថែមទៀតថា ចំណេះដឹងដែលយើងបានរៀនសូត្រក្នុងវគ្គនេះ យើងត្រូវរក្សានិងយកទៅប្រើប្រាស់ឲ្យត្រូវតាមវិជ្ជាជីវការងារតួនាទីជាអាជ្ញាកណ្តាល ចៅក្រម ពិសេស ត្រូវប្រកាន់ភ្ជាប់ទៅលើមូលដ្ឋានចំនួន៣ដូចជា ទី១.ត្រូវធ្វើការដោយសមត្ថភាពដែលយើងបានរៀន ទី២.ធ្វើការងារត្រូវតែមានការតាំងចិត្តនិងមានឆន្ទៈក្នុងការលះបង់ក្នុងនោះមានពេលវេលា កម្លាំងចិត្តកម្លាំងកាយ និងធនធានផ្ទាល់ខ្លួន ទី៣. ត្រូវគោរពវិន័យនិងក្រមសិល៍ធម៍ បើយើងជាអាជ្ញាកណ្តាល ចៅក្រម បើយើងមិនឈរលើវិន័យ និងក្រមសិល៍ធម៍នោះទេ រាល់ការសម្រេចកាត់សេចក្តីក្នុងការប្រកួតវានិងខុសលំអៀង។
ឯកឧត្តម ប្រធានសហព័ន្ធ បានអំពាវនាវដល់សិក្ខាកាមទាំងអស់បានទទួលចំណេះដឹងពីវគ្គសិក្សានេះ សូមយកចំណេះដឹងទាំងអស់នេះទៅអនុវត្តឲ្យក្លាយជាគំរូពេលធ្វើជាអាជ្ញាកណ្តា ចៅក្រមក្នុងការប្រកួតនានា។ជាមួយគ្នានេះផងដែរ សិក្ខាកាមត្រូវត្រៀមខ្លួនអ្នកណាដែលត្រូវបានវាយតម្លៃពីសហព័ន្ធថាមានភាពជោគជ័យក្នុងតួនាទីជាអាជ្ញាកណ្តាល ចៅក្រម ក្នុងកម្រិតមធ្យមនេះ នឹងត្រូវបានជ្រើសរើសចូលទៅបំពេញការងារនៅក្នុងការប្រកួតសំខាន់ ពិសេស វគ្គបណ្តុះបណ្តាលកម្រិតឧត្តម នឹងត្រូវបានបន្តទៀត។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានអំពាវនាវឲ្យសិក្ខាកាមត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងចំណេះដឹងភាសាអង្គគ្លេសបន្ថែម ដើម្បីឲ្យក្លាយជាអាជ្ញាកណ្តាល ចៅក្រម កម្រិតស្តង់ដាអន្តរជាតិ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកម្រិត មធ្យម ដល់មន្រ្តីប្រដាល់គុនខ្មែរនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១ មានសិក្ខាកាមចូលរួមចំនួន២៦នាក់ ដោយសិក្សាជាមួយគ្រូឧទ្ទេសចំនួន៨នាក់ ជាលទ្ធផលវាយតម្លៃរបស់គណៈកម្មការគ្រប់គ្រងវគ្គគឺ ទទួលយកបាន៩០%៕