ការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម បណ្ឌិតថោង ខុនលើកទី៥ធ្វើឡើងដើម្បីសម្រួចសមត្ថភាពឈានទៅយកលទ្ធផលល្អស៊ីហ្គេមនៅវៀតណាម
កំពង់ឆ្នាំ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៥ រៀបចំនៅខេត្ត កំពង់ឆ្នាំង ដំណើរការប្រកួតអស់រយៈពេល៣ថ្ងៃបានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ការប្រកួតដំណើរការរយៈពេល៣ថ្ងៃនេះ សង្កេតឃើញថា វិញ្ញាសា អាអេរ៉ូប៉ីច(Aerobic)រីកចំរើនគួកត់សម្គាល់ រីឯវិញ្ញាសាអាតធីស្ទ៊ីក(Artistic)វិញមួយចំនួនមិនបានពេញលេញដោយសារតែមួយរយៈកន្លងមកខ្វះខាត់នូវសម្ភារៈហ្វឹកហាត់ ប៉ុន្តែទន្ទឹមគ្នានេះ វិញ្ញាសាអាតធីស្ទ៊ីក(Artistic)ដែលមានសម្ភារៈហ្វឹកហាត់គឺគុណផលពួកគេនៅតែល្អ។ដូច្នោះយើងអាចវាយតម្លៃបានថា សមត្ថភាពពួកគេរីកចំរើនល្អមិនមានការធ្លាក់ចុះឡើយ ទោះបីយើងជួបនូវវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា វិញ្ញាសាប្រកួតដែលលិចធ្លោជាងគេសម្រាប់ការប្រកួតឆ្នាំនេះ គឺវិញ្ញាសាអាអេរ៉ូប៉ីច(Aerobic)ផ្នែកឯកក្តជន ខណៈវិញ្ញាសាអាតធីស្ទ៊ីក(Artistic)មានសេះកង និងសេះលោត។ លោក បញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុនលើកទី៥ ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធរៀបចំឲ្យមានការប្រកួតប្រជែងនេះ គឺយើងធ្វើឡើង ក្នុងគោលបំណងសម្រួចគុណផលកីឡាករកីឡាការិនី ដើម្បីពង្រឹងគុណភាពបច្ចេកទេសឆ្ពោះទៅយកលទ្ធផលល្អស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម នាឆ្នាំ២០២២។
អគ្គលេខាធិការ លោក ណយ ផាណា តំណាងឲ្យសហព័ន្ធទាំងមូលបានសម្តែងនូវក្តីសប្បាយរីករាយចំពោះដំណើរការប្រកួតនេះបានបញ្ចប់ទៅដោយរលូននិងភាពជោគជ័យក្នុងបរិបទថ្មី។ លោក ក៏បានថ្លែងអំណរគុណដល់មន្រ្តីបច្ចេកទេស និងបណ្តាក្លិបចូលរួម ពិសេស ក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម បណ្ឌិត ថោង ខុនប្រធានសហព័ន្ធ ដែលជួយឧត្តមគាំទ្រធ្វើឲ្យវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ការបោះជំរុំហ្វឹកហាត់និងការប្រកួតដំណើរការដោយភាពជោគជ័យ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៥ រៀបចំនៅខេត្ត កំពង់ឆ្នាំនេះ ក្រសួងមហាផ្ទៃជាក្លិបនាំមុខគេ ដោយដណ្ដើមបានបមេដាយមាសចំនួន៤គ្រឿង ខេត្តកំពង់ឆ្នាំងបានមេដាយមាសចំនួន៣គ្រឿង ខេត្តក្រចេះបានមេដាយមាស៣គ្រឿង និងខេត្តតាកែវបានមេដាយមាសចំនួន១គ្រឿង ៕