អគ្គលេខាធិការអូឡាំពិកកម្ពុជា អះអាងថា អូឡាំពិកអន្តរជាតិកំណត់ថា តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹកកីឡា

Detail Top Banner

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ បានកំណត់តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹក ក្នុងវិស័យកីឡា ដើម្បីលើកទឹកចិត្តឲ្យស្រ្តីមានគុណតម្លៃស្មើភាពជាមួយបុរស ក្នុងភាពជាអ្នកដឹកនាំអភិវឌ្ឍកីឡាឲ្យរីកចំរើន ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីការអប់រំអូឡាំពិក និងសមធម៌ស្រ្តី ក្នុងវិស័យកីឡា នៅអាគារទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា ។


ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា កាលពីជាង១០ឆ្នាំមុន ស្រ្តីជាថ្នាក់ដឹកនាំ នៅក្នុងវិស័យកីឡាមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ នៅលើពិភពលោក ដោយសារតែស្រ្តីមានរបាំងហាមឃាត់មិនឲ្យស្រ្តីចូលរួមធ្វើជាអ្នកដឹកនាំ ក្នុងវិស័យកីឡា ។ ឯកឧត្តម អគ្គលេខាធិការ អះអាងទៀតថា កម្មវិធីផ្សព្វផ្សាយការអប់រំអូឡាំពិក និងសមធម៌ស្រ្តី ក្នុងវិស័យកីឡាដែលគណៈកម្មាធិការអូឡាំពិកកម្ពុជារៀបចំនេះ គឺធ្វើឡើង ដើម្បីបញ្ជ្រាបផ្សព្វផ្សាយដល់ស្រ្តីឲ្យមានទំនុកចិត្ត យល់ដឹងបានកាន់តែច្បាស់អំពីតួនាទីភារៈកិច្ចត្រូវធ្វើ ក្នុងវិស័យកីឡា ដើម្បីកសាងគុណភាពជីវិតតាមរយៈយុទ្ធសាស្រ្តកីឡា ។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានេះក្រៅពីបញ្ជា្របឲ្យស្រ្តីយល់ដឹងតម្លៃកីឡា និងការកសាងជីវិតឲ្យក្លាយជាថ្នាក់ដឹកនាំកីឡា នៅពេលអនាគត ក៏បានបន្ថែមការផ្សព្វផ្សាយឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។


សូមបញ្ជាក់ថា កម្មវិធីការអប់រំអូឡាំពិក និងសមធម៌ស្រ្តី ក្នុងវិស័យកីឡា ដំណើរការពេញ១ថ្ងៃ មានអ្នកជំនាញជាច្រើនរូប បានធ្វើបទបង្ហាញពីការអប់រំគុណតម្លៃអូឡាំពិក រួមជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

You might also like