តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
តេក្វាន់ដូ ITF ដាក់គោលដៅយ៉ាងជាក់លាក់ដណ្តើមមេដាយមាស១៥គ្រឿង ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ការបញ្ជាក់ជូនពីឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ដូច្នេះក្រោយបញ្ចប់កិច្ចប្រជុំ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ក្រោអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានថ្លែងថា ក្រៅពីពិនិត្យមើលលើសកម្មភាព វឌ្ឍនភាពការងារសហព័ន្ធអាស៊ីអាគ្នេយ៍ គឺឯកឧត្តម កែវ រ៉េមី ក៏បានជម្រាបជូនអំពីដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ ដោយបានបញ្ជាក់អំពីវិញ្ញាសា ដែលត្រៀមប្រកួត ព្រមជាមួយនិងការគោរពគោលការណ៍លេងដោយយុត្តិធម៌ ។ យើងបានជម្រាបបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ អំពីការហ្វឹកហាត់ត្រៀមលើវិញ្ញាសាដែលកំណត់នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយមិនមែនដល់ពេលទើបយើងប្រាប់ពួកគាត់នោះទេ ។ ដូច្នេះ ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាតេក្វាន់ដូ ITF គឺឈរលើគោលការណ៍ប្រកបដោយតម្លាភាព និងយុត្តិធម៌ ពីព្រោះយើងបានចេញវិញ្ញាសាទាំងអស់យ៉ាងលម្អិត ជូនដល់បណ្តាប្រទេសនានាឲ្យបានដឹងមុន ។
ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា «យើងក៏បានបញ្ជាក់ជំហរជូនបណ្តាប្រទេសទាំងអស់ជាថ្មីផងដែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជានៅតែច្បាស់លាស់ក្នុងការរៀបចំតាមការគ្រោងទុក ដោយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន » ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា បន្ថែមថា ប្រទេសដែលចូលរួមប្រកួត ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មាន៧ប្រទេសដូចជា កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន ។ ITF កម្ពុជា បានដាក់គោលដៅដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿង ដោយសារតែប្រភេទតេក្វាន់ដូ ITF កម្ពុជា កំពុងមានសក្តានុពលខ្លាំង ដោយកាលពីឆ្នាំ២០១៩ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទសប៊ុលហ្គារី គឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម៨៧ប្រទេស ហើយបើប្រៀបធៀបការប្រកួតទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៨ គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសកូរ៉េខាងជើង ។
ដូច្នេះ ការដាក់គោលដៅដណ្តើមមេដាយមាសឲ្យ១៥គ្រឿង របស់តេក្វាន់ដូ ITF កម្ពុជា នៅពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនជាឧបសគ្គធំពេកទេ ដោយសារកីឡាករ កីឡាការិនីជម្រើសជាតិ នៅតែអាចបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ហើយឯកឧត្តម កែវ រ៉េមី តែងតែត្រួតពិនិត្យបច្ចេកទេសដោយផ្ទាល់ ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដើម្បីបន្តការអភិវឌ្ឍ ប្រជែងមេដាយឲ្យបានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ៕