សហព័ន្ធកីឡាហុកគីប្រកួតតេសសមត្ថភាព ដើម្បីស្វែងរកកីឡាការិនីឆ្នើមបន្តហ្វឹកហាត់ជាជ្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា សហព័ន្ធកីឡាហុកគីកម្ពុជា បានប្រកួតធ្វើតេសសមត្ថភាពកីឡាការិនីជម្រើសជាតិហុកគីរយៈពេល២ នៅក្នុងវិមានពហុកីឡាដ្ឋានមរតេកតេជោ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីចំរាញ់យកកីឡាការិនីឆ្នើមពោរពេញដោយសមត្ថភាព បន្តជាប់ជាកីឡាការិនីជម្រើសជាតិហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក កាំង សុធា បញ្ជាក់ថា ការប្រកួតនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ បញ្ចប់នៅថ្ងៃទី២៤ ដោយមានកីឡាការិនីចំនួន១៥នាក់ ចូលរួមប្រកួត ក្នុងនោះជម្រើសជាតិ១១នាក់ ដែលកំពុងហ្វឹកហាត់បិទខ្ទប់ ក្នុងវិមានពហុកីឡដ្ឋានមរតកតេជោ រីឯកីឡាការិនី៤រូបទៀត គឺជាកីឡាការិនីជ្រើសរើសចេញពីបណ្តាក្លិបនានា ។
អគ្គលេខាធិការរូបនេះ អះអាងថា ការប្រកួតធ្វើតេស កីឡាការិនីទាំង១៥នាក់នេះ នឹងធ្វើការប្រកួតទាំងអស់ ដោយធ្វើការផ្លាស់ប្តូរចូលម្តងម្នាក់ ហើយបើកីឡាការិនីចាស់ៗ ដែលកំពុងហ្វឹកហាត់ធ្វើមិនបានល្អត្រូវបានគ្រូបង្វឹកវាយតម្លៃថា មានការធ្លាក់ចុះសមត្ថភាពបច្ចេកទេសនោះ កីឡាការិនីថ្មី នឹងជំនួសអ្នកចាស់ជាប់ជាជម្រើសជាតិ ហ្វឹកហាត់ ចាប់ពីឆ្នាំ២០២២ ត្រៀមសម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ ។ លោក ពន្យល់ថា ការប្រកួតតេសសមត្ថភាពនេះ គឺជាគោលការណ៍របស់សហព័ន្ធ ដើម្បីចំរាញ់បានកីឡការិនីល្អៗហ្វឹកហាត់បង្កើនគុណភាពត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតអន្តរជាតិ ។
សូមបញ្ជាក់ថា កីឡាហុកគី គឺជាប្រភេទកីឡាមួយ ដែលស្ថិតក្នុងបញ្ជីបំរ៉ុងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រសិនបើកីឡាមួយនេះហ្វឹកហាត់រីកចំរើន និងត្រូវគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ អោយបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត របស់កម្ពុជា៕