ក្រុមកីឡាប្រណាំងទូកនារី ខេត្តកណ្ដាលឈ្នះជើងឯកក្នុងការការប្រណាំង ទូកនាគ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ និងពានរង្វាន់សម្ដេចក្រឡាហោម លើក៨
ទូកអុំប្រពៃណីខ្នាតអន្ដរជាតិ ឬ ទូកនាគ នារី ចំណុះ១២នាក់ របស់ខេត្តកណ្ដាល បានឈ្នះ ជើងឯក ក្នុងការប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និង ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ នៅដងព្រែកកំពត ក្នុងក្រុងកំពត ខេត្តកំពត បន្ទាប់ពីបានផ្ដួលក្រុមខ្លាំង មកពីខេត្តស្វាយរៀង និងក្រុមនារីរបស់ ខេត្តកំពត ដោយជោគជ័យ។
ក្នុងការប្រណាំងនេះ ទូកនាគនារីខេត្តកណ្ដាល បានបង្ហាញនូវ ភាពស្វាហាប់ ប្រកបដោយបច្ចេកទេស និងការសាមគ្គីគ្នាជាធ្លុង១ក្នុងការប្រមូលផ្ដុំកម្លាំងជ្រុញល្បឿនទូកឆ្ពោះទៅរកទីព្រ័ត្រយ៉ាងលឿនលយ។
មុននឹងទទួលបានជ័យជំនះទូកនារីខេត្តកណ្ដាល បានអុំ ចំនួន២ ជើង ក្នុងចម្ងាយ៥០០ម៉ែត្រ ២ដងដោយប្ដូរ ខ្សែបន្ទាត់ ទៅតាម ការកំណត់របស់គណៈកម្មការបច្ចេកទេស ដោយបានមកដល់ទីព្រ័ត្រមុនគូប្រកួតទាំង២ជើង ប្រើ ថេរៈវេលា ជាមធ្យម ០៤នាទី៣៤ វិនាទី ចុច៧៧ ។ យោងតាមលទ្ធផលខាងលើ ធ្វើឲ្យទូកនាគ នារីខេត្តកណ្ដាល ក្លាយជាជើងឯក ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍នេះ ឯទូក ខេត្តស្វាយរៀង មកដល់ទីបន្ទាប់ ជាប់ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ចំណែក ទូក របស់ខេត្តកំពតដែលជាម្ចាស់ផ្ទះ ជាប់ចំណាត់ថ្នាក់លេខ៣ ។
ក្រៅពីទទួលបានជោគជ័យ ផ្នែកទូកនាគនារី ទូកនាគផ្នែកបុរស របស់ខេត្តកណ្ដាល ក៏ទទួលបានជោគជ័យ ដែរ ដោយដណ្ដើមបាន ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទូកខ្លាំងៗ ចំនួន១៤ដែលបានចូលរួម លើវិញ្ញាសា ប្រកួត ចម្ងាយ១០០ម៉ែត្រ ចំណុះ១២នាក់ ខណៈដែលក្រុម មកពីខេត្ត បាត់ដំបងជាប់លេខ៣ និងទូក ជើងឯកបានទៅ សមាគមកីឡាក្រសួងមហាផ្ទៃ ។
គួររំលឹកថា ទូកនាគ ទាំងបុរសនិងនារី របស់ ខេត្តកណ្ដាល គឺជាទូក មកពីក្លឹបពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោមការដឹកនាំ របស់ លោក ស្រី ប្រាក់ សោភា ដែលជាប្រធានក្លឹប ។ ជារៀងរាល់ឆ្នាំ ទូក ក្លឹបពោធិ៍មង្គល ឃុំព្រែកតាទែន ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិកាណ៍ ជាច្រើន ដូចជាការប្រកួត ជ្រើរើសជើងឯកថ្នាក់ជាតិ ការចូលរួមប្រណាំង នៅខេត្តស្វាយរៀង កម្មវិធីបុណ្យទន្លេ ពិធីអុំទូកនៅខេត្តសៀមរាប និង ព្រះរាជពីធីបុណ្យអុំទូកអក អំបុកសំពះព្រះខែនៅមុខព្រះបរមរាជវាំងជាដើម ដោយក្នុងការប្រកួតនិមួយៗតែងតែ ដណ្ដើមបានមេដាយ និងពាន ជាច្រើន ពី ព្រឹត្តិកាណ៍ទាំងនោះ មកជូនខេត្តកណ្ដាល និងក្លឹបរបស់ខ្លួន។
លទ្ធផលទាំងនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែង របស់កីឡាករកីឡាការិនី គ្រូបង្វឹក ក្នុងការហ្វឹកហាត់និងប្រកួត ពិសេស លោក ស្រី ប្រាក់ សោភា ដែលជាប្រធានក្លឹបបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ សមត្ថភាពកីឡាករកីឡាការិនី ឲ្យមានការរីកចម្រើន ។ លោកស្រីបាន លះបង់ពេលវេលា កម្លាំងកាយចិត្ត សម្ភារៈនិងថវិកា ជួយទំនុកបម្រុងគ្រប់បែបយ៉ាង ទាំងការហូបចុក និង សម្ភារៈហ្វឹកហាត់ជាដើមដល់អត្តពលិករបស់ខ្លួន ក្នុងបំណងរួមចំណែក ជម្រុញ កីឡាប្រណាំងទូកនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចំរើន ធ្វើឲ្យ ដំណើរឆ្ពោះ ទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាន់តែមានភាពរឹងមាំ និង ស្វាហាប់ ៕